(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានរិះគន់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថាកំពុងឈានជើងចូលប្រឡូកនយោបាយបាយឡើងវិញ តាមរយៈការរិះគន់លើប្រធានាធិបតីបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
លោក ភែន បានបញ្ជាក់នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «វាជារឿងមួយដ៏គួរឲ្យខកចិត្តបំផុត ដែលលោក បារ៉ាក់ អូបាម៉ា ប្រព្រឹត្តខុសពីទម្លាប់ក្នុងនាមជាអតីតប្រធានាធិបតី ហើយបានងាកចូលមកប្រឡូកឆាកនយោបាយកាន់តែខ្លាំង និងបញ្ចេញនូវជំហរដូចគ្នាទៅលើបញ្ហាដែលលោក និងក្រុមសេរីនិយមមួយចំនួនបានធ្វើនៅក្នុងរយៈពេល ០៨ឆ្នាំ ចុងក្រោយនេះ»។
មនុស្សជំនិតបំផុតរបស់លោក ដូណាល់ ត្រាំ រូបនេះបានសង្កត់ធ្ងន់ថា «អ្វីដែលជាការពិតនោះ គឺប្រជាជនអាមេរិកកាលពីឆ្នាំ២០១៦ បានជំទាស់នយោបាយ និងការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា តាមរយៈការងាកមកបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតីអាមេរិកវិញ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងបទបង្ហាញមួយនៅសាកលវិទ្យាល័យរដ្ឋ អ៊ីលីណយស៍ (Illinois) លោក បារ៉ាក់ អូបាម៉ា បានធ្វើការអត្ថាធិប្បាយដោយបង្កប់នូវសាររិះគន់ជាច្រើនចំនុច ទៅលើប្រធានាធិបតីបច្ចុប្បន្នលោក ដូណាល់ ត្រាំ ថាកំពុងតែគប់គិតជាមួយប្រទេសរុស្ស៊ី, លើកស្ទួយក្រុមសាសន៍សជ្រុលនិយម និងបំបែកបំបាក់ជាតិសាសន៍ជាដើម។ ប្រការនេះត្រូវបានបក្សសាធាណរដ្ឋចាត់ទុកថា ជាការរិះគន់ធ្ងន់ៗលើកដំបូងហើយ ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕