(ម៉ាល់)៖ ប្រទេសដីកោះម៉ាល់ឌីវ ទីបំផុតបានស្វាគមន៍ភ្ញៀវទេសចរទី ១លាន សម្រាប់ឆ្នាំ២០១៨នេះ ដែលពួកគេបានមកដល់ដែនដីកោះ នៃមហាសមុទ្រឥណ្ឌាមួយនេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
បើគិតពីដើមខែមករា រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ កោះម៉ាល់ឌីវបានទទួលភ្ញៀវទេសចរបរទេសមកដល់សរុប ១លាននាក់គត់ ដែលជាចំនួនមានការកើនឡើង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈរដ្ឋាភិបាលប្រទេសមួយនេះ កំពុងតែបង្កើតកន្លែងកម្សាន្តបែបធម្មជាតិបន្ថែម ដូចជាសណ្ឋាគារលើកោះតូចៗ និងការកម្សាន្តដោយជិះទូកមុជទឹកមើលផ្កាថ្មជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីទូទាំងពិភពលោក។
សម្រាប់ភ្ញៀវទេសចរមួយគូ ដែលត្រូវចាត់ទុកថាជាអ្នកទេសចរទី ១លាន ដែលត្រូវបានអាជ្ញាធរកោះម៉ាល់ឌីវ ទៅស្វាគមន៍ដល់ព្រលានយន្តហោះអន្តរជាតិរបស់ខ្លួនកាលពីថ្ងៃទី០៩ ខែកញ្ញានោះ គឺត្រូវបានអនុញ្ញាតឲ្យស្នាក់នៅរមណីយដ្ឋានទេសចរ, ធ្វើការជិះយន្តហោះ-ទូកកម្សាន្តលើផ្ទៃសមុទ្រ និងផ្តល់កញ្ចប់សេវាអ៊ីនធើណែតដោយឥតគិតថ្លៃទាំងអស់តែម្តង។ នេះបើតាមការដកស្រង់សម្តីពីអនុរដ្ឋមន្ត្រីទេសចរណ៍ម៉ាល់ឌីវលោក ហ៊ូស្សេន ឡៃរែ (Husaain Lirar)។
គួរបញ្ជាក់ថា គូស្វាមីភរិយាខាងលើនេះ ត្រូវបានទទួលស្វាគមន៍តាមរយៈរបៀបរបបប្រពៃណី នៃប្រជាជនលើកោះម៉ាឌីវ នៅឯព្រលានយន្តហោះអន្តរជាតិទី ១ របស់ម៉ាល់ឌីវ។ ប្រទេសដីកោះមួយនេះ ចាប់ផ្តើមប្រារព្ធទិវាស្វាគមន៍ភ្ញៀវទេសចរទី ១លាន តាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ដើម្បីជាការតបស្នងដល់ជនបរទេសទាំងឡាយណាដែលរើសយកកោះនេះ ធ្វើជាគោលដៅទេសចរណ៍របស់ពួកគេ៕