(តូក្យូ)៖ អាជ្ញាធរជប៉ុននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានបង្កជាបំណាក់ដី នៅឯកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ បានកើនដល់៤៤នាក់ហើយ ខណៈមនុស្ស៦៦០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរជប៉ុនភាគច្រើននៃអ្នកស្លាប់ គឺស្ថិតក្នុងទីក្រុងជនបទតូចមួយឈ្មោះ អាត់ស៊ូម៉ា (Atsuma) ជាតំបន់ដែលលំនៅឋាននៅក្បែរៗគ្នាជាច្រើនខ្នង ត្រូវបានជម្រាលភ្នំបាក់សង្កត់ពីលើ ដោយសារតែកម្លាំងរំញ័រនៃគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ ដែលបានបន្សល់ទុកស្លាកស្នាមនៃការបំផ្លិចបំផ្លាញ យ៉ាងដំណំនៅទីនោះ។ ដោយឡែកក្រៅតែពីចំនួនអ្នកស្លាប់ គ្រោះរញ្ជួយដីមរណៈនេះក៏បានបង្កការរំខានដល់ការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងកោះហុកកៃដូ ជាពិសេសទីក្រុង Atsuma នោះតែម្តង។
គួរជម្រាបថា មនុស្សប្រមាណជា ២,៥០០នាក់ នៅតែបន្តស្នាក់នៅតាមជម្រកស្នាក់នៅបណ្ដោះអាសន្ននៅឡើយ ហើយគ្រោះរញ្ជួយដី ខាងលើទៀតសោត បានកើតមានឡើងក្រោយតំបន់ភាគខាងលិចប្រទេសជប៉ុន ទើបតែទទួលរងគ្រោះពីការវាយលុក ដោយព្យុះទីហ្វុងដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្ស ១១នាក់៕