(លីបង់)៖ ជនភៀសខ្លួនស៊ីរីរាប់រយនាក់ត្រូវបានគេរាយការណ៍ថា បានចាកចេញពីតំបន់នានាក្នុងនោះរួមមានទាំងរដ្ឋធានទី ប៊ែររូត (Beirut) នៃប្រទេសលីបង់ ត្រឡប់ផ្ទះរបស់ពួកគេក្នុងប្រទេសស៊ីរីវិញហើយ ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញនេះមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន DailyStar នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មាន DailyStar ផ្អែកលើប្រភពដែលខ្លួនទទួលបានពីអាជ្ញាធរលីបង់ បានឱ្យដឹងថា ជនភៀសខ្លួនស៊ីរី ៧៧៨នាក់ បានស្ម័គ្រចិត្តត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញ ដោយឆ្លងកាត់តាមតំបន់ ម៉ាសណាអា (Masnaa), អាប់ប៊ួឌីហ៍ (Abboudieh) និង អាល់ហ្សាំរ៉ានី (Al-Zamrani) នៃព្រំដែនរវាងប្រទេសស៊ីរី និងលីបង់។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីក៏ធ្លាប់បានអំពាវនាវឱ្យផងដែរ ឱ្យជនភៀសខ្លួនស៊ីរីទាំងអស់ ត្រឡប់ស្រុកកំណើតរបស់ខ្លួនវិញជាមួយ ការធានាការពារសុវត្ថិភាព និងសន្តិសុខ ខណៈកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ កំពុងគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុង៕