(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសថា ខ្លួននឹងរៀបចំពិធីដើរជាក្បួនដង្ហែរទ្រង់ទ្រាយធំមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីសម្ដែងការតវ៉ាប្រឆាំងជំទាស់ ទៅនឹងជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីអាមេរិកធ្លាប់ ជួបប្រជុំគ្នាជាសំងាត់ជាមួយក្រុមមន្ត្រីយោធាវេណេស៊ុយអេឡា ដើម្បីពិភាក្សាពីគំរោងធ្វើរដ្ឋប្រហារទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច។ នេះបើតាមលោក ឌីយ៉ូដាដូ ខាប៊ែលឡូ (Diosdado Cabello) ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Diosdado Cabello ជាប្រធានសភាធម្មនុញ្ញវេណេស៊ុយអេឡា ធ្វើការគូសបញ្ជាក់បែបនេះ នៅក្នុងពិធីជួបជុំមួយរៀបចំឡើងដោយគណបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ ថ្លែងនាឱកាសនោះ លោក Cabello បានចោទប្រកាន់ថា សហរដ្ឋអាមេរិក បានពិភាក្សាជាសំងាត់ចំនួនបីលើក ជាមួយក្រុមអតីតមន្ត្រីយោធាក្បត់របស់វេណេស៊ុយអេឡាមួយចំនួន ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងលោកម៉ាឌូរ៉ូ។
លើសពីនេះទៅទៀត ប្រធានសភាធម្មនុញ្ញរូបនេះក៏បានទាញភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងការប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ ដោយ ការវាយប្រហារយន្ដហោះដ្រូនបំពាក់គ្រាប់បែក កាលពីថ្ងៃទី០៤ ខែសីហា ផងដែរ។ លោក Cabello បានលើកឡើងយ៉ាងដូច្នេះថា «ការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលត្រូវបានទប់ស្កាត់ទាន់ពេលវេលា គឺដឹកនាំដោយសហរដ្ឋអាមេរិក... ហើយតើ មានអ្នកណាគួរឱ្យសង្ស័យជាងសហរដ្ឋអាមេរិកទៀតទេ?»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានពិភាក្សាពីគំរោងគាំទ្រការធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចតាមរយៈការផ្ដល់ជំនួយដល់ក្រុមឧទ្ទាមយោធា នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
មួយវិញទៀត នៅក្នុងអត្ថបទរបស់ខ្លួន សារព័ត៌មានអាមេរិកមួយនេះថែមទាំងបានអះអាងទៀតថា ក្រុមឧទ្ទាមផ្ដាច់ខ្លួនវេណេស៊ុយអេឡា យ៉ាងហោចណាស់ចំនួនបីធ្លាប់បានចូលរួមនៅក្នុងប្រតិបត្តិការ ប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ គំរោងធ្វើរដ្ឋប្រហារយោធាទាំងនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងកាលពីរដូវក្ដៅឆ្នាំ២០១៧, ខែមីនា និងខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែគំរោងទាំងនេះមិនបានទទួលជោគជ័យឡើយ៕