(អេស្ប៉ាញ)៖ ក្រសួងការពារជាតិអេស្ប៉ាញ បានសម្រេចចិត្តលុបចោលគំរោងលក់អាវុធ ឱ្យប្រទេសអារ៉ាប៊ីសាអូឌីតដោយបញ្ជាក់ថា ប្រតិបត្តិការយោធារបស់ទីក្រុងរីយ៉ាដ នៅក្នុងប្រទេសយ៉េមែន បានបណ្ដាលឱ្យជនស៊ីវិលរាប់ពាន់នាក់បាត់បង់ជីវិត។ នេះបើតាមវែបសាយ Independent ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មាន Independent បានបញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងលក់គ្រាប់បែក ៤០០គ្រាប់ ឱ្យអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ២០១៥។ ប៉ុន្តែ រដ្ឋាភិបាលបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆែស (Pedro Sanchez) បានសម្រេចចិត្តប្រគល់លុយ ១០លានដុល្លារ ឱ្យទីក្រុងរីយ៉ាដវិញ ហើយលុបចោលការបញ្ជាទិញអាវុធពីអារ៉ាប៊ីសាអូឌីត ដោយសារតែប្រតិបត្តិការយោធារបស់ទីក្រុងរីយ៉ាដ នៅក្នុងប្រទេសយ៉េមែន បានបណ្ដាលឱ្យជនស៊ីវិលជាង ១០,០០០នាក់បាត់បង់ជីវិត និង ០៥លាននាក់ ក្លាយជាជនភៀសខ្លួន។
តែយ៉ាងណាក៏ដោយរដ្ឋាភិបាលអេស្ប៉ាញ មិនធ្វើការអត្ថាធិប្បាយផ្លូវការណាមួយ ជុំវិញសេចក្ដីរាយការណ៍របស់សារព័ត៌មាន Independent នៅឡើយទេ បើទោះជាមន្ត្រីអេស្ប៉ាញមិនបញ្ជាក់អត្តសញ្ញាណជាច្រើននាក់ បានទទួលស្គាល់ការអះអាងនេះក៏ដោយ។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីតបានដឹកនាំក្រុមចំរុះអារ៉ាប់ ធ្វើប្រតិបត្តិការយោធា វាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយ៉ែមែន ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់កាលពីខែមីនា ឆ្នាំ២០១៥។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានចោទប្រកាន់ថា ការវាយប្រហារតាមផ្លូវអាកាសមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត អាចត្រូវបានចាត់ទុកថា «ជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ» ខណៈអាវុធដែលទីក្រុងរីយ៉ាដប្រើប្រាស់ក្នុងសង្រ្គាមនៅយ៉េមែន ភាគច្រើនទិញពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ដូចជាអេស្ប៉ាញជាដើម៕