(ហុងកុង)៖ សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alibaba លោក ចេក ម៉ា (Jack Ma) នៅថ្ងៃចន្ទនេះ បាននិយាយថាលោកនឹង លាលែងពីដំណែងជាប្រធានក្រុមហ៊ុន Alibaba Group នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះ ក្រុមហ៊ុន Alibaba ក៏បានបញ្ជាក់ដែរថា នាយកប្រតិបត្តិ (CEO) បច្ចុប្បន្នលោក Daniel Zhang នឹងត្រូវឡើងកាន់ តំណែងជាប្រធានក្រុមហ៊ុនជំនួសលោក ចេក ម៉ា។
គួរបញ្ជាក់ថា សារព័ត៌មានអាមេរិក New York Times កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា សហស្ថាបនិកនៃក្រុមហ៊ុន Alibaba លោក ចេក ម៉ា គ្រោងនឹងចូលនិវត្តពីក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំសម្បើមនៅប្រទេសចិននេះ នាថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីបង្វែរការយកចិត្តទុកដាក់ទៅលើការបង្កើតមូលនិធិសប្បុរសធម៌ទាក់ទិននឹងវិស័យអប់រំវិញ។
ក៏ប៉ុន្តែ ថ្លែងប្រាប់សារព័ត៌មាន South China Morning កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុមហ៊ុន Alibaba បានច្រានចោលការ អះអាងរបស់សារព័ត៌មានអាមេរិកមួយនេះ ដោយបញ្ជាក់ថា លោក ម៉ា នឹងបង្ហាញគំរោងស្ដីពីអ្នកបន្តវេនពីលោកនៅថ្ងៃចន្ទនេះ។
លោក ចេក ម៉ា ដែលនឹងឈានចូលវ័យ ៥៤ឆ្នាំ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមក្រុមហ៊ុន Alibaba ឡើងកាលពីឆ្នាំ១៩៩៩ ហើយ កសាងវាឲ្យក្លាយជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើពិភពលោក ដែលបានជួយប្រែក្លាយរបៀប ដែលប្រជាជនចិនទិញទំនិញ និងទូទាត់ថវិកា។
បច្ចុប្បន្នក្រុមហ៊ុន Alibaba មានតម្លៃសរុប ៤២០ពាន់លានដុល្លារ ហើយលោក Ma ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ផងដែរនោះ មានភាគហ៊ុន៦.៤ភាគរយនៅក្នុងនោះ ដែលជាហេតុធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានតម្លៃជាង ៤០ពាន់លានដុល្លារ និងក្លាយជាអ្នកមានស្តុកស្តម្ភជាងគេបង្អស់នៅក្នុងប្រទេសចិន៕