(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអរគុណមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់ការ រៀបចំការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដោយពុំមានបង្ហាញគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដើម្បីរំលឹកដល់ខួបលើកទី៧០នៃថ្ងៃ បង្កើតប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «នេះគឺជាភាពវិជ្ជមានដ៏ធំបង្ហាញដោយកូរ៉េខាងជើង...ហើយខ្ញុំពិតជា
អរគុណអ្នក លោកប្រធានគីម ព្រោះថាយើងទាំងពីរនឹងបង្ហាញថាអ្នកគ្រប់គ្នាកំពុងយល់ខុស»។ លោក ត្រាំ បន្ថែមថា៖«វាគ្មានអ្វីល្អ ប្រសើរជាងកិច្ចសន្ទនា ដែលធ្វើឡើងដោយមនុស្សពីរនាក់អ្នកចូលចិត្តគ្នាទៅវិញទៅមកនោះទេ ហើយក៏គ្មានអ្វីៗល្អជាងនៅមុនពេល ខ្ញុំឡើងកាន់អំណាចនោះដែរ»។
សូមជម្រាបថា កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យម្សិលមិញ បានរៀបចំពិធីព្យុហយាត្រាយោធា ដោយពុំមានបង្ហាញគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដើម្បីរំលឹកដល់ខួបលើកទី៧០នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង នោះទេ។ ចំណែកឯ ក្រុមអ្នកជំនាញយល់ថាពិធីខួបក្នុងឆ្នាំ នេះគឺទីក្រុងព្យុងយ៉ាងផ្ដោតសំខាន់លើការស្ដារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ហើយមិនតែប៉ុណ្ណោះ លោក គីម ក៏ចង់ប្រើ ប្រាស់ពិធីខួបនេះបង្ហាញប្រាប់ពិភពលោកផងដែរពីការប្ដេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងចង់រួចផុតពីទណ្ឌកម្ម របស់អន្តរជាតិ៕