រុស្ស៊ីចោទសហរដ្ឋអាមេរិកថា បានទម្លាក់គ្រាប់បែកគីមីផូស័្វរ លើខេត្ត Deir al-Zor ប្រទេសស៊ីរី (video inside)
10-09-2018 08:23
(ម៉ូស្គូ)៖ យោធារុស្ស៊ី បានអះអាងថាយន្ដហោះចម្បាំង F-15 ពីរគ្រឿងរបស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកគីមីផូស្វ័រជាច្រើន គ្រាប់លើខេត្ត Deir al-Zor ប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមយោធារុស្ស៊ី ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក គឺមានគោលដៅទៅលើភូមិ Hajin ដែលជាមូលដ្ឋាន រឹងមំាចុងក្រោយរបស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួន ជនរងគ្រោះនៅឡើយទេ រីឯអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Robertson ក៏បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ថាយោធាអាមេរិកបានប្រើប្រាស់គ្រាប់បែកផូស្វ័រនេះដែរ។
លោក Robertson បានគូសបញ្ជាក់ដូច្នេះថា៖«ខណៈពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានណាមួយ ជុំវិញការប្រើប្រាស់គ្រាប់ បែកផូស្វ័រពណ៌សនៅឡើយទេ...ហើយក៏គ្មានអង្គភាពយោធារបស់យើងណាមួយមានអាវុធបែបនេះនៅក្នុងតំបន់ដែរ»។
តែទោះជាយ៉ាងនេះក្ដី ក្រុមអង្គការសិទ្ធិមនុស្សជាច្រើន ក៏បានចោទប្រកាន់ផងដែរថាក្រុមចំរុះអន្តរជាតិប្រឆាំង ISIS ដឹកនាំដោយ សហរដ្ឋអាមេរិក ធ្លាប់បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌សនៅក្នុងជម្លោះស៊ីរី។ ម្យ៉ាងវិញទៀត ការចោទប្រកាន់របស់រុស្ស៊ីខាងលើ ទៀតសោត ធ្វើឡើងនៅចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ កំពុងចោទប្រកាន់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងលទ្ធភាពនៃ ការប្រើប្រាស់អាវុធគីមីសាជាថ្មីនៅក្នុងខេត្ត Idlib៕