(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថាអភិបាលធនាគារកណ្ដាលអីរ៉ង់ លោក Abdolnaser Hemmati បានពិភាក្សាជាមួយអ្នកតំណាងមកពីតួកគី និងរុស្ស៊ី ជុំវិញការប្រើប្រាស់រូបិយវត្ថុជាតិជំនួសលុយដុល្លារអាមេរិក នៅក្នុងការធ្វើ ពាណិជ្ជកម្មរវាងប្រទេសទាំងបី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានអ៊ីរ៉ង់ ILNA លោក Hemmati ក៏បានបញ្ជាក់ដែរថា ការប្រើប្រាស់រូបិយវត្ថុជាតិគឺជារឿងចាំបាច់ដើម្បី កាត់បន្ថយឥទ្ធិពលលុយដុល្លារអាមេរិក នៅក្នុងសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី។ លោក Hemmati បានបន្ថែម ដូច្នេះថា៖«យើងបានសម្រេចចិត្តថានឹងដំណើរការការធ្វើការងាររួមគ្នាមួយនៅពេលអនាគត សំដៅឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងជំនួបជាមួយអភិបាលធនាគារកណ្ដាលរុស្ស៊ីនៅក្នុងទីក្រុងម៉ូស្គូ»។
សូមជម្រាបថា សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ចាត់ទុកថាសហរដ្ឋអាមេរិក បានប្រើប្រាស់លុយដុល្លាររបស់ខ្លួនដើម្បីដាក់សម្ពាធ ឬទណ្ឌកម្មលើប្រទេសណាមួយដែលមិន បានធ្វើតាមអាមេរិក៕