កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា ក្នុងថ្ងៃកំណើតលើកទី៧០ ដោយមិនបង្ហាញមីស៊ីលឆ្លងទ្វីប ICBM
09-09-2018 11:15
(សេអ៊ូល)៖ កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីអបអរសាទរដល់ពិធីរំលឹកខួបលើកទី៧០ នៃ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ដោយមិនបានបង្ហាញមីស៊ីលឆ្លងទ្វីប ICBM ឡើយ ក្រោមការឃ្លាំមើលយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីមន្ត្រីស៊ើបការណ៍សំងាត់កូរ៉េខាងត្បូងដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីខាងលើដដែលនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់យ៉ុនហាប់ដូច្នេះថា៖ «កូរ៉េខាងជើងបានធ្វើព្យុហយាត្រយោធា នៅព្រឹកថ្ងៃអាទិត្យនេះ ហើយបានបញ្ចប់វាដោយជោគជ័យ»។ មន្ត្រីរូបនេះបញ្ជាក់ទៀត ទីក្រុងព្យុងយ៉ាង មិនបានបង្ហាញមីស៊ីល ICBM ដូចរាល់ដងឡើយ ប៉ុន្តែមិនបានបញ្ជាក់ទេថា លោក គីម ជុងអ៊ុន មានវត្តមានទស្សនាព្យុហយាត្រាយោធានេះ ដែលចាប់ផ្ដើម នៅម៉ោង១០ព្រឹកមិញនេះ ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពីរ៕