ប្រធានាធិបតីចិន៖ ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង គ្មាននរណាអាចបំបែកបំបាក់បានឡើយ
09-09-2018 10:23
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ នាឱកាសប្រារព្ធខួបលើកទី៧០នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ជាមួយការអះអាងយ៉ាងមុតមាំ ចំពោះទំនាក់ទំនងចាក់ទឹកមិនលិច និងមិនអាចបំបែកបានរវាងមហាមិត្តទាំងពីរ។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារសារ ព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើលិខិតរបស់លោក ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖«គណបក្ស និងរដ្ឋាភិបាលចិន បាន និងកំពុងផ្ដល់អទិភាពយ៉ាងខ្ពស់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកូរ៉េខាងជើង...ហើយនេះគឺជាគោលនយោ បាយមិនងាករេរបស់ទីក្រុងប៉េកាំង ក្នុងការបន្តពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលគ្មានថ្ងៃបែកបាក់គ្នា ឡើយ»។
គួរបញ្ជាក់ថា ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពីរ និងជាថ្ងៃមិនអាចបំភ្លេចបានសម្រាប់ប្រជាជន កូរ៉េទាំងពីរ។ ប៉ុន្តែ លោក ស៊ី ជិនពីង មិនបានចូលរួមក្នុងពិធិរំលឹកខួបនេះទេ ដោយលោកបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់របស់លោក ឱ្យទៅចូលរួមជំនួស ហើយក្រៅតែពីចិន រុស្ស៊ីក៏បានផ្ញើសារអបអរសាទរដល់លោក គីម ផងដែរ៕