(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានបង្កជាបំណាក់ដី នៅឯកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានកើនដល់៣៥នាក់ហើយ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះរាប់ម៉ឺននាក់កំពុង បន្តប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីអាជ្ញាធរជប៉ុន ភាគច្រើននៃអ្នកស្លាប់គឺស្ថិតក្នុងទីក្រុងជនបទតូចមួយឈ្មោះ Atsuma ជាតំបន់ដែលលំនៅឋាននៅក្បែរៗគ្នាជាច្រើនខ្នង ត្រូវបានជម្រាលភ្នំបាក់សង្កត់ពីលើ ដោយសារតែកម្លាំងរំញ័រនៃគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ ដែលបាន បន្សល់ទុកស្លាកស្នាមនៃការបំផ្លិចបំផ្លាញយ៉ាងដំណំនៅទីនោះ។ ក្រៅពីនេះមនុស្ស០៣នាក់ នៅតែបន្តបាត់ខ្លួននៅក្រុង Atsuma ហើយខ្ទង់៤០០នាក់ទៀត បានរងរបួសស្រាល ហើយផ្ទះប្រមាណជា២.៥លានខ្នងនៅទូទាំងកោះហុកកៃដូ បន្តគ្មានអគ្គិសនី ប្រើប្រាស់គិតត្រឹមថ្ងៃអាទិត្យនេះ។
គួរជម្រាបថា ហេតុការណ៍រញ្ជួយដីខាងលើ បានកើតមានឡើង ខណៈដែលតំបន់ភាគខាងលិចប្រទេសជប៉ុន ទើបតែទទួលរងគ្រោះពីការវាយលុកដោយព្យុះទីហ្វុងដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្ស១១នាក់៕