(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតទៅលើសារព័ត៌មាន New York Times ក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទនយោបាយដ៏រសើបមួយនាសប្តាហ៍នេះ ដែលរៀបរៀងដោយមន្រ្តីរដ្ឋាភិបាលអាមេរិកមិនបញ្ចេញអត្តសញ្ញាណម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ជែហ្វ សេសសិន (Jeff Sessions) គួរតែបើកការស៊ើបអង្កេតទៅលើកាសែត New York Times ហើយវែករកមុខអ្នកសរសេរ ដែលនៅពីក្រោយអត្ថបទចុះផ្សាយខាងលើ ព្រោះលោកជឿជាក់ថា វាគឺជាបញ្ហាសន្តិសុខជាតិយ៉ាងសំខាន់។
ជុំវិញរឿងនេះ New York Times បានចេញសេចក្តីថ្លែងការណ៍លើកឡើងថា ខ្លួនមានជំនឿជឿជាក់ថា ក្រសួងយុត្តិធម៌អាមេរិក នឹងមិនចូលរួមក្នុងការរំលោភបំពានអំណាចរដ្ឋាភិបាលបែបនេះឡើយ។ ចំណែកអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌វិញ មិនបានបញ្ជាក់នោះទេថា តើការស៊ើបអង្កេតអាចឬក៏មិនអាចនឹងកើតមានដែរឬយ៉ាងណានោះ។
គួរជម្រាបថា នៅក្នុងអត្ថបទចុះផ្សាយដ៏រសើបរបស់ New York Times អ្នកសរសេរមិនបញ្ចេញអត្តសញ្ញាណរូបនោះ បានរិះគន់យ៉ាងចាស់ដៃទៅលើភាពជាអ្នកដឹកនាំ និងភាពអសីលធម៌របស់លោក ត្រាំ ហើយបានបង្ហើបឲ្យដឹងថា នៅក្នុងសេតវិមាន គឺមានក្រុមមន្រ្តីមួយចំនួន កំពុងខិតខំធ្វើការប្រឆាំងនឹងលោក ដូណាល់ ត្រាំ ជាសម្ងាត់។ ដោយឡែក បណ្តាទីប្រឹក្សាជាន់ខ្ពស់របស់ លោក ត្រាំ បានចេញមុខបដិសេធថា មិនមានជាប់ពាក់ព័ន្ធនឹងអត្ថបទនេះឡើយ៕