(ហាណូយ)៖ វៀតណាម បានដាក់ការបញ្ជាទិញសព្វាវុធនិងសេវាកម្មយោធា ពីប្រទេសរុស្ស៊ី ដែលមានតម្លៃសរុបជាង០១ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរុស្ស៊ី TASS ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២១០៨។
ដំណឹងនៃការទិញ-លក់សព្វាវុធខាងលើនេះ បានលេចឡើង នាអំឡុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏ធំបំផុតរបស់វៀតណាម។ ទោះជាបែបនេះក្តី ពុំមានការបញ្ជាក់លម្អិតបន្ថែមទៀតនោះឡើយ ជុំវិញទិញសព្វាវុធនេះ។
ដោយឡែក នាពេលកន្លងមក វៀតណាម ក៏បានទិញនាវាមុជទឹកប្រភេទ Kilo ដ៏ទំនើបចំនួន០៦គ្រឿង រួមជាមួយនាវាចម្បាំង យន្តហោះចម្បាំង និងបរិក្ខាយោធាមួយចំនួនទៀត ពីប្រទេសរុស្ស៊ីផងដែរ។
គួរជម្រាបថា អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាម ត្រូវគេសង្កេតឃើញថា បានធ្វើការនាំចូលយ៉ាងសកម្មនូវសព្វាវុធទំនើបៗគ្រប់ប្រភេទ នៅចំពោះមុខការកើនឡើងនៃឥទ្ធិពលរបស់ចិន ក្នុងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសជិតខាងទាំងពីរមានទំនាស់ដ៏យូរអង្វែងជាមួយគ្នា ក៏ដូចជាជាមួយបណ្តាញប្រទេសមួយចំនួនទៀត៕