(ឡុងដ៍)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗ​លើ​សេចក្តី​សម្រេច​របស់​អាជ្ញាធរម៉ុលដូវ៉ា (Moldova ស្ថិតនៅចន្លោះរ៉ូម៉ានីនិងអ៊ុយក្រែន) ក្នុងការចាប់ឃុំឃាំងនិងបណ្ដេញជនជាតិតួកគីចេញពីប្រទេសខ្លួន និង​ចាត់ទុកថាវាជា​សកម្ម​ភាព​ប្រឆាំង​​នឹង​ប្រជាជនតួក​គី​ដែល​កំពុងរស់នៅក្នុងប្រទេសខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។

អង្គភាពរក្សាសន្តិសុខជាតិម៉ុលដូវ៉ា បានឲ្យដឹងថាខ្លួនបានបណ្ដេញចេញនូវជនជាតិបរទេសចំនួន០៧ រូបដោយហេតុថាពួកគេនាំ​មក​នូវ​ការ​គំរាម​កំហែង​ទៅដល់សន្តិសុខ​នៃ​​ប្រទេសខ្លួន តែមិនបាននិយាយបញ្ជាក់ថាអ្នកទាំងនោះជាជនជាតិអ្វីឡើយ។ អ្នកជាប់ពាក់​ព័ន្ធ​នឹង​ជន​ជាប់​ឃុំ​ឃាំង​ខាង​លើ ​បាន​បង្ហាញការសង្ស័យថា ​ទង្វើ​នេះ​គឺជាការធ្វើតាមបញ្ជារបស់រដ្ឋាភិបាលតួកគីប៉ុណ្ណោះ។ តែអាជ្ញាធរតួក​គី​ពុំ​ទាន់​មាន​ប្រតិកម្មអ្វីនៅឡើយទេ ជុំវិញការសង្ស័យនេះ។

ជនជាប់ឃុំឃាំងទាំងនោះ រួមមានគ្រូបង្រៀន និងបុគ្គលិកដែលបម្រើការនៅតាមសាលារៀន ដែល​ត្រូវ​បាន​សាង​សង់ឡើង​​ដោយ​​ចលនា​របស់​លោក Fethullah Gulen ដែលលោកសព្វថ្ងៃកំពុងជ្រកកោននៅសហរដ្ឋអាមេរិក និងជាជន​ដែល​រដ្ឋាភិបាលតួកគី​ចោទ​ថា​ជា មេខ្លោងពីក្រោយរដ្ឋប្រហារបរាជ័យកាលពីឆ្នាំ ២០១៦ កន្លងទៅ។

ប្រទេសតួកគីបាននិងកំពុងដាក់សម្ពាធទៅលើប្រទេសដទៃទៀត ដើម្បីបង្ខំឲ្យប្រទេសទាំងនោះព្រមធ្វើការនិរទេសជនណា ដែល​មាន​ទំនាក់​ទំនង​នឹងសាលារៀនដែលជាកិច្ចផ្តួចផ្តើមនិងទទួលការឧបត្ថម្ភពីចលនា Gulen។ រដ្ឋាភិបាលតួកគី​បាន​ហៅ​ចលនា​នេះ​ថា​ ជា​ក្រុម​ភេរវករ។

លោកស្រី Marie Struthers ដែលជានាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល បាន​និយាយ​ថា «យើងមានក្តីបារម្ភយ៉ាងខ្លាំងពីជោគវាសនារបស់ជនជាតិតួកគីទាំង០៧រូបនោះ»។ លោកស្រីបានបន្ថែមថា «អាជ្ញាធរម៉ុលដូវ៉ា មិន​ត្រឹម​តែ​រំលោភ​ដល់សិទ្ធិមនុស្ស ដោយបណ្តេញជនបរទេសពីប្រទេសខ្លួននោះទេ តែ​ថែម​ទាំង​រំលោភ​សិទ្ធិ​មួយ​ចំនួន​ទៀត​ ដូច​ជា​ការ​កាត់​ក្តី​ប្រកប​ដោយ​ភាព​អយុត្តិ​ធម៌​ថែម​ទៀតផង​»

គ្រូបង្រៀនមួយរូបទៀតដែលត្រូវបានជាប់ឃុំឃាំង តែត្រូវបានដោះលែងវិញ បានបង្ហើបឲ្យដឹងថា «ពួក​យើង​ពុំ​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ តែយើងគិតថានេះគឺជាបញ្ជាចេញពីតួក​គីតែម្តង»។ មេធាវីមួយរូបឈ្មោះ Nick Frumos បាននិយាយថា លោក​ពុំ​ដឹង​ថា​ ពួក​​គេ​​ទាំង​នោះ​កំពុង​ស្ថិតនៅ​ទីកន្លែង​ណា​ឡើយនាពេលនេះ។

អ្នកនាំពាក្យរបស់សភាម៉ុលដូវ៉ា បានចោទសួរជាចំហចំពោះសេចក្តីសម្រេច បណ្តេញគ្រូបង្រៀនទាំងនោះ ហើយ​ក៏​បាន​ស្នើឲ្យ​មាន​​ការ​បំភ្លឺ​ពី​ទីភ្នាក់ងាររក្សាសន្តិសុខជាតិផងដែរ។ ប្រធានាធិបតីម៉ុលដូវ៉ាលោក Igor Dodon បានធ្វើការច្រានចោលនូវការចុះផ្សាយនានាលើ​បណ្តាញ​សារព័ត៌មាន ដែល​លើក​ឡើង​ថា​ការ​បណ្តេញ​ជនជាតិតួកគី​ទាំង​នោះ មានជាប់ពាក់ព័ន្ធទៅនឹងការផ្តល់ជំនួយចំនួន១០លាន​ដុល្លារ​ពីទីក្រុង​​អង់ការ៉ា ​ដើម្បីជួសជុលវិមានរបស់ប្រធានាធិបតី​របស់លោក នាពេលកន្លងមក។

វិមាននេះត្រូវបានគេបោះបង់ចោលតាំងពីឆ្នាំ២០០៩ ក្រោយពេលត្រូវបាតុករបានដុតបំផ្លាញ។ លោក Dodon បាន​អំពាវ​នាវ​ទៅ​កាន់​បណ្ដាញ​​សា​រ​ព័ត៌មាន​កុំ​ឲ្យ​ចេះតែមានមតិទៅលើការបណ្តេញជនជាតិតួកគីទាំងនោះឲ្យសោះ។ ចំណែកសេចក្តីថ្លែងការណ៍​មួយ​ចេញ​ពីអង្គ​ភាព​រក្សា​សន្តិសុខជាតិម៉ុលដូវ៉ា បានលើកឡើងថា «បន្ទាប់ពីទទួលបានព័ត៌មានបញ្ជាក់​ពី​កត្តា​គំរាម​កំហែង​​ដល់សន្តិសុខជាតិ រួចមក សេចក្តីសម្រេចមួយក៏បានអនុវត្តដើម្បីបណ្តេញបុគ្គលទាំងនោះពីដែនដីរបស់ម៉ុលដូវ៉ាភ្លាមៗ»

គួររំលឹកថាកាលពីខែមីនាកន្លងទៅនេះ រដ្ឋអាជ្ញាទទួលបន្ទុកការប្រឆាំងអំពើពុករលួយ បានសម្រេចឃុំឃាំង នាយកសាលា​មួយ​កន្លែង​ដែល​មាន​ឈ្មោះថា Orizont ដើម្បីធ្វើការសាកសួរចម្លើយ។ ជនរូបនោះត្រូវបានដោះលែងវិញ និងបានព្យាយាម​សុំ​សិទ្ធិ​ជ្រក​កោណ​នយោបាយ​នៅ​ក្នុង​ប្រទេសម៉ុលដូវ៉ា តែត្រូវបានគេបដិសេធ។ ក្រោយមកលោក Orizont បានចាកចេញពីម៉ុលដូវ៉ា និងពុំដឹងជាទៅដល់​ទីណាឡើយ៕