(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានបង្កជាបំណាក់ដី នៅកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុននោះ បានកើនដល់៣០នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះរាប់ម៉ឺននាក់ កំពុងខំស្វះស្វែងហែលឆ្លងឧបសគ្គ ដើម្បីតាមរុករកអ្នកដែលអាចនៅរស់រានមានជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីអាជ្ញាធរជប៉ុន ភាគច្រើននៃអ្នកស្លាប់គឺស្ថិតក្នុងទីក្រុងជនបទតូចមួយឈ្មោះ Atsuma ជាតំបន់ដែលលំនៅឋាននៅក្បែរៗគ្នាជាច្រើនខ្នង ត្រូវបានជម្រាលភ្នំបាក់សង្កត់ពីលើ ដោយសារតែកម្លាំងរំញ័រនៃគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ ដែលបានបន្សល់ទុកស្លាកស្នាមនៃការបំផ្លិចបំផ្លាញយ៉ាងដំណំនៅទីនោះ។ ក្រៅពីនេះមនុស្ស០៩នាក់ នៅតែបន្តបាត់ខ្លួននៅក្រុង Atsuma ហើយខ្ទង់៤០០នាក់ទៀត បានរងរបួសស្រាល។
គួរជម្រាបថា ហេតុការណ៍រញ្ជួយដីខាងលើ បានកើតមានឡើង ខណៈដែលតំបន់ភាគខាងលិចប្រទេសជប៉ុន ទើបតែទទួលរងគ្រោះពីការវាយលុកដោយព្យុះទីហ្វុងដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្ស១១នាក់៕