(ហ្គាហ្សា)៖ ចំនួនក្រុមបាតុករប៉ាឡេស្ទីនដែលបានទទួលរងរបួស នៅក្នុងការប៉ះទង្គិចគ្នាសាជាថ្មីនាចុងសប្តាហ៍នេះ ជាមួយកងទ័ពអ៊ីស្រាអែល នៅតាមព្រំដែននៃតំបន់ហ្គាហ្សាស្រ្ទីព (Gaza Strip) បានកើនដល់៣៩៥នាក់ ខណៈមនុស្សម្នាក់បានបាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរប៉ាឡេស្ទីន ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរប៉ាឡេស្ទីនបានឲ្យដឹងថា យុវជនប៉ាស្ទីនម្នាក់បានស្លាប់នៅភាគខាងកើតទីក្រុង Rafah និង៣៩៥នាក់បានរងរបួស នីព្រំដែនភាគខាងកើតនៃតំបន់ Gaza Strip នាថ្ងៃសុក្រសប្តាហ៍នេះ ដោយក្នុងចំណោមអ្នករបួសទាំងអស់ ប្រជាជនប៉ាឡេស្ទីន១៤៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន នៅក្បែរតំបន់ Gaza បានបន្តកើនឡើងឥតឈប់ឈរ ចាប់តាំងពីចុងខែមីនាមក ហើយការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងទាហានអ៊ីស្រាអែល និងក្រុមបាតុករប៉ាឡេស្ទីន បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនយ៉ាងតិច១៧០នាក់ និងបង្កឲ្យរបួសប្រហែល១៨,០០០នាក់៕