(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា លោកបានត្រៀមរួចជាស្រេចហើយ ដើម្បីដំឡើងពន្ធទៅលើទំនិញរបស់ចិនស្ទើរតែគ្រប់មុខតែម្តង ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិក ដោយលោកបានគំរាមបង្កើនពន្ធ ទៅលើទំនិញចិនទំហំប្រមាណ ២៦៧ពាន់លានដុល្លារថែមទៀត ពីលើទំនិញនាំចូល ២០០ពាន់លានដុល្លារ ដែលអាចនឹងត្រូវដំឡើងពន្ធនាពេលឆាប់ៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ចំណាត់ការខាងលើនេះ នឹងធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ កាន់តែកើនឡើងកម្តៅ ជាមួយទីក្រុងប៉េកាំងជុំវិញការទាមទាររបស់លោកប្រធានាធិបតីអាមេរិក ឲ្យចិនធ្វើការកែប្រែគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបច្ចេកវិទ្យារបស់ខ្លួន។ ដោយឡែក ទីក្រុងប៉េកាំងបានព្រមានថា នឹងចាត់វិធានការសងសឹកទៅវិញ ដែលអាចនឹងរួមបញ្ចូលចំណាត់ការក្តៅផ្សេងៗ ប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ដែលធ្វើប្រតិបត្តិការនៅទីនោះ។
លោក ត្រាំ បានថ្លែងថាការដំឡើងពន្ធលើទំនិញ ២០០ពាន់លានដុល្លារ អាចនឹងលេចឡើងជារូបរាងនាពេលឆាប់ៗ ដោយអាស្រ័យតែទៅលើប្រទេសចិនប៉ុណ្ណោះ ហើយក្រៅពីនេះការដំឡើងពន្ធលើទំនិញ២៦៧ពាន់លានដុល្លារមួយផ្សេងទៀត ក៏បានត្រៀមរួចជាស្រេចផងដែរ។
គួរជម្រាបថា នាពេលកន្លងមកនេះលោក ត្រាំ បានដាក់ចេញការដំឡើងពន្ធ ២៥ភាគរយ ទៅលើទំនិញនាំចូលរបស់ចិនទំហំ ៥០ពាន់លានដុល្លារ ដោយភាគច្រើនជាគ្រឿងចក្រ និងគ្រឿងបន្លាស់អេឡិចត្រូនិច។ ចំណែកឯបញ្ជីទំនិញ២០០ពាន់លានដុល្លារវិញ ដែលរួមមានផលិតផលប្រើប្រាស់ ដូចជាកាមេរ៉ា ឧបករណ៍ថតសំឡេង វ៉ាលី កាបូបដៃ សំបកកង់ និងម៉ាស៊ីនបូមធូលីជាដើម នឹងត្រូវរងការដំឡើងពន្ធពី ១០ភាគរយ ទៅ ២០ភាគរយ ខណៈទូរស័ព្ទដៃដែលផលិតផលនាំចូលដ៏ធំបំផុតរបស់ចិនមកកាន់សហរដ្ឋអាមេរិកនោះ មិនរងការប៉ះពាល់ឡើយ ប៉ុន្តែផលិតផលនេះ នឹងត្រូវជួបបញ្ហាប្រសិនបើលោក ដូណាល់ ត្រាំ សម្រេចដាក់ចេញបញ្ចីដំឡើងពន្ធលើទំនិញ ២៦៧ពាន់លានដុល្លារនោះ។
មកទល់ពេលនេះ ទំហំទំនិញរបស់ចិនដែលត្រូវបានលោក ត្រាំ គំរាមដំឡើងពន្ធពីលើបានកើនជាសរុបដល់ ៥១៧ពាន់លានដុល្លារហើយ ដោយវានឹងលើសពីទំនិញទំហំ ៥០៥ពាន់លានដុល្លារ ដែលបាននាំចូលចិនកាលពីឆ្នាំមុន។ ប៉ុន្តែឆ្នាំ២០១៨ ការនាំចូលទំនិញពីចិនរហូតមកដល់ខែកក្កដាកន្លងទៅ មានការកើនឡើងជិត ០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕