(តូក្យូ)៖ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ ស៊ីហ្សូកា (Shizuoka) នៅឯប្រទេសជប៉ុនបានប្រកាសថា ពួកគេនឹងធ្វើការពិសោធន៍មួយទាក់ទិនប្រព័ន្ធជណ្តើរយោងអវកាស ដែលគេហៅថា Space Elevator ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នាសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងការពិសោធន៍នេះ ដែលជាលើកដំបូងបំផុតក្នុងការធ្វើពិសោធន៍បែបនេះ ផ្កាយរណបខ្នាតតូច Cubesat ចំនួនពីរគ្រឿង នឹងត្រូវបណ្តែតចេញពីស្ថានីយ ISS ទៅក្នុងទីអវកាស។ ក្រោយមកពួកវា នឹងត្រូវតភ្ជាប់គ្នាដោយខ្សែដែកដ៏រឹងមាំមួយ សម្រាប់ឲ្យវត្ថុមួយដើរតួជាជណ្តើរយោង នឹងរត់ទៅមកនោះ ដោយប្រើប្រាស់ម៉ាស៊ីនម៉ូទ័ររបស់វាផ្ទាល់ ហើយកាមេរ៉ាដែលបំពាក់នៅលើផ្កាយរណបទាំងពីរគ្រឿង នឹងធ្វើការថតយកសកម្មភាព នៃវត្ថុនោះក្នុងទីអវកាស។
គួរជម្រាបថា ផ្កាយរណប Cubesat នីមួយៗមានទំហំមិនដល់ ១០សង់ទីម៉ែត្រឡើយ ហើយពួកវានឹងត្រូវតភ្ជាប់ដោយដោយខ្សែដែកដ៏រឹងមាំមួយប្រវែង ១០ម៉ែត្រ សម្រាប់ឲ្យវត្ថុដែលដើរតួជាជណ្តើរយោងនោះ ធ្វើដំណើរទៅមក។ សម្រាប់សម្ភារៈនានាក្នុងការធ្វើពិសោធន៍នេះ នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយអវកាស ISS នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕