(វ៉ាស៊ីនតោន)៖ អតីតជំនួយការលោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំ២០១៦ គឺលោក ចន ផាផាដូផូលូស (George Papadopoulos) ត្រូវបានតុលាការអាមេរិកកាត់ទោសដាក់ពន្ធនាគារចំនួន ១៤ថ្ងៃ ពីបទនិយាយកុហកក្រុមស៊ើបអង្កេតក្នុងករណីចោទប្រកាន់ថា រុស្ស៊ីបានលូកលាន់កិច្ចការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយទោសជាប់ពន្ធនាគារចំនួន ១៤ថ្ងៃ លោក Papadopoulos វ័យ ៣១ឆ្នាំ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំរយៈពេលមួយឆ្នាំ, បម្រើការងារសាធារណរយៈពេល ២០០ម៉ោង និងបង់ប្រាក់ពិន័យ ៩,៥០០ដុល្លារ។ លោកគឺជាអតីតជំនួយការលោក ត្រាំ ដំបូងហើយដែលត្រូវបានតុលាការអាមេរិក ផ្តន្ទាទោសដាក់ពន្ធនាគារនៅក្នុងការស៊ើបអង្កេតដឹកនាំដោយរដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller)។
គួរបញ្ជាក់ថា លោក Papadopoulos ត្រូវបានតុលាការចោទប្រកាន់កាលពីខែតុលា ឆ្នាំ២០១៧ ដោយសារតែលោកបានផ្តល់ចម្លើយកុហក ទៅដល់ស្ថាប័នស៊ើបអង្កេតសហព័ន្ធ FBI អំពីពេលវេលា និងការធ្វើទំនាក់ទំនងដែលអាចទៅរួចរវាងអតីតជំនួយការលោក ដូណាល់ ត្រាំ និងមន្ត្រីរុស្ស៊ីកាលពីឆ្នាំ២០១៦។ មុនការកាត់ទោសអតីតជំនួយការលោក ត្រាំ រូបនេះក៏បានបង្ហាញការសុំទោស ចំពោះការប្រព្រឹត្តខុសរបស់លោកផងដែរនៅក្នុងអគារតុលាការ នៃរដ្ឋធានីវ៉ាស៊ីនតោន៕