(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាននិយាយថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់វត្តមានដោយខុសច្បាប់របស់​ខ្លួននៅស៊ីរី ហើយចាកចេញទៅវិញទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក Rouhani បានលើកឡើងថា តួនាទីដែលជះផលអវិជ្ជមាននិងគ្មានភាពស្ថាបនា​ របស់ទីក្រុងវ៉ាស៊ីនតោន បូករួមជាមួយ​ការគាំទ្រ​របស់អាមេរិកចំពោះអ៊ីស្រាអែល ក្នុងការដណ្តើមកាន់កាប់ទឹកដីនៅក្នុងតំបន់ គ្មានជួយអ្វីបានក្រៅតែពីថែមបន្ទុកបញ្ហាឲ្យកាន់តែស្មុគ​ស្មាញប៉ុណ្ណោះនៅប្រទេសស៊ីរី។

គួរជម្រាបថា លោក Rouhani បានធ្វើការកត់សង្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំត្រីភាគីជា​​​ប្រធានាធិបតីតួកគី និង​ប្រធានាធិបតីរុស្ស៊ី នៅ​​ឯរដ្ឋធានីតេហេរ៉ង់ ដើម្បីពិភាក្សាក៏ដូចជាស្វែងរកដំណោះស្រាយចំពោះបញ្ហាសំខាន់ៗ នៅស៊ីរី៕