(ប៉េកាំង)៖ ចិននៅថ្ងៃសុក្រនេះបានបាញ់បង្ហោះ ផ្កាយរណបអង្កេតដែនសមុទ្រថ្មីមួយ ទៅកាន់គន្លងតារាវិថី ដើម្បីជួយដល់ការលើកកម្ពស់ការយល់ដឹងពីទឹកសមុទ្រ និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
គ្រាប់រ៉ុក្កែត Long March-2C ដែលដឹកជញ្ជូនផ្កាយរណបឈ្មោះ HY-1C ត្រូវបានបាញបង្ហោះនៅម៉ោង ១១៖១៥នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយ័ន (Taiyuan) ស្ថិតនៅក្នុងខេត្ត សានស៊ី (Shanxi) នៃភាគខាងជើងប្រទេសចិន។
ជាមួយគ្នានោះដែរ អាជ្ញាធរចិនបានបញ្ជាក់ថា ផ្កាយរណបនេះ នឹងជួយក្នុងការតាមដានពណ៌ទឹកសមុទ្រ និងសីតុណ្ហភាព ព្រមទំាងផ្ដល់ទិន្នន័យសម្រាប់ការស្រាវជ្រាវលើបរិស្ថានមហាសមុទ្រ នៅក្នុងសកលលោក។ មិនតែប៉ុណ្ណោះ តាមរយៈទិន្នន័យផ្ដល់ ដោយផ្កាយរណប HY-1C វាក៏នឹងចូលរួមចំណែកផងដែរ ដល់ការលើកកម្ពស់ការយល់ដឹងពីទឹកសមុទ្រ និងបម្រែបម្រួល អាកាសធាតុ ក៏ដូចជាត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនានា។
គួរជម្រាបថា ចិនធ្លាប់បានបាញ់បង្ហោះផ្កាយរណបអង្កេតសមុទ្រ HY-1A ជាលើកដំបូងក្នុងឆ្នាំ២០១២ ហើយបន្ទាប់មកទៀតទើបទីក្រុងប៉េកាំង បាញ់បង្ហោះផ្កាយរណប HY-1B នៅខែមេសា ឆ្នាំ២០០៧ ខណៈការបាញ់បង្ហោះផ្កាយរណប HY-1C នៅថ្ងៃសុក្រនេះ គឺជាការបាញ់បង្ហោះលើកទី ២៨៤ ដោយប្រើគ្រាប់រ៉ុក្កែតប្រភេទ Long March ជាផលិតផលរបស់ចិនផ្ទាល់៕