(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA កំពុងដាក់ការប្រកួតប្រជែងគួរឲ្យចាប់អារម្មណ៍ដល់មនុស្សម្នាក់ នៅទូទាំងសហរដ្ឋអាមេរិកឲ្យបង្កើតនូវវិធីសាស្រ្តដែលថ្មី និងប្រកបដោយប្រសិទ្ធភាពមួយ ដើម្បីបំលែងឧស្ម័នកាបូនិច (CO2) ឲ្យទៅជាសារធាតុគ្លុយកូស ឬក៏យើងអាចនិយាយសាមញ្ញាថា ឲ្យទៅស្ករ ហើយប្រាក់រង្វាន់គឺមានដល់ខ្ទង់លានដុល្លារឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
អង្គការ NASA បានឲ្យដឹងថា ឧស្ម័ន CO2 មានវត្តមានយ៉ាងច្រើនលើសលុប នៅក្នុងបរិយាកាសដ៏ស្តើងរបស់ភពអង្គារ (Mars) ហើយសារធាតុគ្លុយកូស ដែលពោរពេញដោយថាមពល គឺជាប្រភពយ៉ាងសំខាន់សម្រាប់បម្រើក្នុងការផលិតចេញជាវត្ថុជាច្រើនមុខ សម្រាប់មនុស្ស ដែលអាចនឹងធ្វើការរុករក ឬតាំងមូលដ្ឋាននៅលើភពក្រហមនេះនាពេលអនាគត។
ប្រធានគ្រប់គ្រងនៃកម្មវិធីប្រកួតប្រជែងនេះ បានលើកឡើងថា «ដើម្បីឲ្យមនុស្សរក្សាជីវិតរស់នៅលើភពដទៃទៀតបាន គឺតម្រូវឲ្យមានប្រភពធនធានចាំបាច់ជាច្រើន ហើយយើងមិនអាចយកមកជាមួយនូវអ្វីៗទាំងអស់ ដែលពួកយើងត្រូវការនោះឡើយ ដូច្នេះយើងត្រូវចេះបង្កើតគំនិតច្នៃប្រឌិតថ្មីៗ»។
គួរជម្រាបថា ការប្រកួតប្រជែងខាងលើ ចែកចេញជាពីរដំណាក់កាល។ អំឡុងដំណាក់កាលទីមួយ អ្នកចូលរួមត្រូវប្រគល់នូវផែនការលម្អិតស្តីពីប្រព័ន្ធបំលែង CO2 ទៅជាគ្លុយកូសរបស់ពួកគេ ដោយអ្នកមានចំណាប់អារម្មណ៍ត្រូវធ្វើការចុះឈ្មោះមិនឲ្យផុតពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ហើយប្រគល់គម្រោងរបស់ពួកគេមិនឲ្យហួសពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ឡើយ។
ចំណែកនៅខែមេសា ឆ្នាំ២០១៩ NASA នឹងប្រកាសពីការជ្រើសរើសបេក្ខភាពចំនួន ០៥ ចុងក្រោយពីអ្នកចូលរួមជុំទីមួយ ដោយម្នាក់ៗឬមួយក្រុមៗទទួលបានទឹកប្រាក់ ៥០,០០០ដុល្លារ។ សម្រាប់នៅដំណាក់កាលទីពីរវិញនឹងឈានដល់ការសាងសង់ និងធ្វើបទបង្ហាញពីប្រព័ន្ធបំលែងរបស់ពួកគេ ដោយម្ចាស់ជ័យលាភីនៅជុំចុងក្រោយនេះ នឹងទទួលបានប្រាក់ ៧៥០,០០០ដុល្លារ ដែលធ្វើឲ្យចំនួនសាច់ប្រាក់សរុបនៅក្នុងកម្មវិធី គឺអាចខ្ទង់ ០១លានដុល្លារ៕