(ញូយ៉ក)៖ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានកំណត់អត្តសញ្ញាណ «អំបូរត្រីឆ្លាមស៊ីរុក្ខជាតិជាអាហារ» ជាលើកដំបូងគេបំផុតនៅលើពិភពលោក ដែលវាអាចស៊ីរុក្ខជាតិរស់នៅក្នុងសមុទ្រ ៦០ភាគរយ នៃអាហាររបស់វា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងទីក្រុង អ៊ីវ៉ាញ (Irvine) និងសាកលវិទ្យាល័យផ្ល័រីដា នៃរដ្ឋ Miami បានសម្រេច ចិត្តធ្វើការអង្កេតលើរបបអាហារ និងទម្លាប់រស់នៅរបស់ត្រីឆ្លាមអំបូរ បុនណេសៀដ (Bonnethead) បន្ទាប់ពីបានអានរបាយការណ៍មួយថា ត្រីឆ្លាមប្រភេទនេះស៊ីរុក្ខជាតិជាអាហារ។
លើសពីនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានបញ្ជាក់ទៀតថា នៅក្នុងការសិក្សាស្រាវជ្រាវ ត្រីឆ្លាម Bonnethead ប្រាំក្បាលត្រូវបានគេផ្ដល់ចំណីជារុក្ខជាតិ ឱ្យពួកវាក្នុងរយៈពេល ០៣សប្ដាហ៍នេះ ហើយការពិសោធន៍ជាបន្តបន្ទាប់ក៏បានបង្ហាញដែរថា ត្រីឆ្លាមទាំងនេះអាចស៊ីរុក្ខជាតិជាចំណីអាហារបាន ជាមួយនឹងអង់ហ្ស៊ីមដែលអាចរំលាយរុក្ខជាតិ ដូចជាអាមីដុង និង cellulose ជាដើម។
គួរបញ្ជាក់ថា ការរកឃើញថ្មីនេះ គឺជារឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះជាធម្មតាត្រីឆ្លាមតែងតែស៊ីសាច់ជាអាហារដូចជាត្រីផ្សេងៗក្នុងសមុទ្រ ដែលវាអាចប្រមាញ់បាន និងនៅតំបន់ខ្លះវាបានបង្កគ្រោះថ្នាក់ដល់មនុស្សទៀតផង។ ប៉ុន្តែគេមិនទាន់ប្រាកដច្បាស់នោះទេថា ត្រីឆ្លាម Bonnethead អាចបង្កគ្រោះថ្នាក់ ឬទេចំពោះមនុស្ស៕