(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនឹង​ប្រារព្ធខួបលើក​ទី ៧០ នៃថ្ងៃបង្កើត​សាធារណរដ្ឋប្រជាមានិត​កូរ៉េខាងជើង នៅថ្ងៃអាទិត្យ​ខាងមុខនេះ ជាមួយការរំពឹង​ខ្ពស់ថា លោក គីម ជុងអ៊ុន នឹងប្រើប្រាស់​ខួបលើកនេះ​ ដើម្បីបង្ហាញប្រាប់ពិភពលោកថា កូរ៉េខាងជើង​មានអាវុធនុយក្លេអ៊ែរ​នៅក្នុងដៃ ហើយដូច្នេះ​បច្ចុប្បន្នគឺជាពេលវេលា​អភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ដារទំនាក់ទំនង​ជាមួយអន្តរជាតិ​ឡើងវិញ។ បន្ថែមពីលើ នេះអ្នកជំនាញ​មួយចំនួនក៏បាន​សន្និដ្ឋានដែរ មេដឹកនាំ​កូរ៉េខាងជើង នឹងប្រើប្រាស់​ឱកាសដ៏ល្អនេះ​ ដើម្បីរកប្រាក់ចំណូល​ពីភ្ញៀវទេសចរ​អន្តរជាតិ និងអ្នក​សារព័ត៌មាន។

* ប្រាក់ចំណូល​បានមកពីភ្ញៀវទេសចរ

យោងតាមទីភ្នាក់ងារ​សារព័ត៌មាន Reuters ជើងហោះហើរ​មួយរបស់ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង Air Koryo ពីទីក្រុង ប៉េកាំង​ឆ្ពោះទៅកាន់ទីក្រុង​ព្យុងយ៉ាង ត្រូវបានគេកក់​ពេញអស់ទៅហើយ ក្នុងនោះភាគ​ច្រើនគឺជាភ្ញៀវទេសចរ និងប្រព័ន្ធផ្សព្វផ្សាយ​បរទេស​ ដើម្បីចូលរួមទស្សនា និងផ្តិតយករូបភាព​នៅក្នុងការសម្ដែង​របស់ប្រជានជន​កូរ៉េខាងជើងជាង ១០០,០០០នាក់ នៅឯ​ទីលាន គីម អ៊ីលស៊ុង (Kim Il Sung) ក្នុងទីក្រុង​ព្យុងយ៉ាង។

ដោយឡែក​លោក ស៊ីម៉ុន ខុកខឺរែល (Simon Cockerell) ជាទីភ្នាក់ងារទេសចរណ៍​សម្រាប់ Air Koryo ក៏បានឱ្យដឹងដែរថា សំបុត្រចូលរួម​ក្នុងពិធីរំលឹក​ខួបបែបនេះ​កាលពីឆ្នាំមុន មានតម្លៃ ៣០០អឺរ៉ូ (៣៥០ដុល្លារ)។ ប៉ុន្តែនៅ​ក្នុងឆ្នាំនេះ សំបុត្រចូលរួមទស្សនា​មានតម្លៃរហូត​ដល់ទៅ ៨០០អឺរ៉ូ ឯណោះ​សម្រាប់​កន្លែង VIP​។ មួយវិញទៀត បើតាមវិទ្យាសា្ថន (Korea Maritime Institute) ភ្ញៀវទេសចរបរទេស បានផ្ដល់ប្រាក់​ចំណូល ៤៤លានដុល្លារ ក្នុងមួយឆ្នាំដល់​របបដឹនាំ​ទីក្រុងព្យុងយ៉ាង ក្នុងនោះភ្ញៀវទេសចរចិនស្មើនឹង ៨០ភាគរយ នៃភ្ញៀវទេសចរ​បរទេស។

* ការសម្ដែង​ព្យុហយាត្រាយោធា

ប្រព័ន្ធផ្សព្វ​ផ្សាយអាមេរិក និងកូរ៉េខាងត្បូង​បានរាយការណ៍​ជាបន្តបន្ទាប់កាលពី​សប្ដាហ៍មុនថា កូរ៉េខាងជើង​ទំនងជាអាចនឹងធ្វើ ព្យុហយាត្រាយោធា នៅអំឡុងប្រារព្ធ​ខួបលើកទី ៧០ នៃថ្ងៃបង្កើត​កូរ៉េខាងជើង។ លើសពីនេះ​ទៅទៀត បើទោះជាមិនទាន់មាន​ការបញ្ជាក់ច្បាស់លាស់​ក៏ដោយ ក៏គេធ្លាប់ដឹងមក​ហើយថា ទីក្រុងព្យុងយ៉ាង​តែងតែយក​ឱកាស នៃការប្រារព្ធ​ពិធីបុណ្យជាតិ​របស់ខ្លួន ដើម្បីបង្ហាញ​សព្វាវុធទំនើប​ៗ ឱ្យពិភពលោកបានឃើញ​ជាពិសេសគឺ​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមគេហទំព័រ​អាមេរិក 38 North ដែលជំនាញ​ខាងតាមដានសកម្មភាព​កូរ៉េខាងជើង​បានអះអាងថា រូបភាពថត ដោយផ្កាយរណប​ជាច្រើនបានបង្ហាញថា កូរ៉េខាងជើង អាចនឹងរៀបចំ​ការធ្វើព្យុហយាត្រា​យោធា ក្នុងទ្រង់ទ្រាយធំ​ជាងឆ្នាំមុនៗ​ទៅទៀត៕

ប្រភព៖ Reuters​