(សេអ៊ូល)៖ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្លាក់ថុះក្រោម ៥០ភាគរយ ជាលើកដំបូងគិតចាប់តាំងតែពីលោកបានឡើងកាន់អំណាច កាលពីខែឧសភាឆ្នាំទៅមិញ។ នេះបើតាមលទ្ធផលនៃការស្ទង់មតិប្រចាំសប្តាហ៍មួយ ដកស្រង់ខ្លឹមសារដោយទីភ្នាកងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន Gallup Korea កម្រិតនៃការគាំទ្រចំពោះលោក មូន បានថយមកត្រឹម ៤៩ភាគរយ នៅសប្តាហ៍នេះដែលជាកម្រិក្រោម ៥០ភាគរយលើកដំបូង។ លទ្ធផលស្ទាបស្ទង់នេះ មានការចូលរួមពីប្រជាជនកូរ៉េខាងត្បូងចំនួន ១,០០០នាក់ ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរជម្រាបថា ក្នុងការស្ទង់មតិនេះ ក្រុមអ្នកដែលគាំទ្រលោក មូន ដែលសម្តែងការយល់ឃើញវិជ្ជមាន ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតី ជុំវិញបញ្ហាកូរ៉េខាងជើង រួមជាមួយកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រីកកម្មវិធីសុខុមាលភាពសង្គម ខណៈក្រុមអ្នកអភិរក្សនិយម បានបែរខ្នងដាក់លោក មូន ដោយសារការរិះគន់ពីបណ្តាញសារព័ត៌មាន ជុំវិញគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានគោលដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនចំណូលក្នុងគ្រួសារ៕