(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ១៦នាក់ហើយ ខណៈ៥.៣លាននាក់ នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ វាយប្រហារមកលើកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយចេញដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរជប៉ុនមនុស្ស ២៦នាក់ នៅតែបន្តបាត់ខ្លួន និងច្រើនជាង ២,០០០នាក់ កំពុងស្នាក់នៅតាមទីតាំងជម្លៀសខ្លួនបណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង ៤០០កន្លែង។ បន្ថែមពីលើនេះ អាជ្ញាធរជប៉ុនក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ចំនួនមនុស្សស្លាប់អាចនឹងមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅឋានជាច្រើនខ្នង បានកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយរញ្ជួយដី។
គួរជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រខាងលើ បានកើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់ជីវិតមនុស្ស ១១នាក់ និង ៦០០នាក់ផ្សេងទៀតរងរបួសនៅក្នុងសប្ដាហ៍នេះ៕