(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងត្រូវប្រកួតប្រជែងតំណែងជាប្រធានគណបក្សកាន់អំណាច LDP នាថ្ងៃទី២០ ខែកញ្ញា ជាមួយអតីតរដ្ឋមន្រ្តីការពារជាតិលោក Shigeru Ishiba តាមរយៈការបោះឆ្នោតផ្ទៃក្នុងមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
ការបោះឆ្នោតខាងលើនេះ នឹងមិនត្រឹមតែជ្រើសរើសមេដឹកនាំរបស់បក្ស LDP ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងសម្រេចថា តើបេក្ខជនរូបណានឹងបន្តធ្វើជានាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុនផងដែរ។ ប្រសិនបើលោក អាបេ វ័យ ៦៣ឆ្នាំ ទទួលជ័យជម្នះនោះ ការបន្តដឹកនាំនាអាណត្តិទី ៣ របស់លោក នឹងស្ទើរតែអាចធានាបានទាំងស្រុងថា រូបលោកនឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចបានយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ។
គួរជម្រាបថា ពីដំបូងឡើយការចាប់ផ្តើមយុទ្ធនាការឃោនាសម្រាប់ការប្រកួតយកតំណែងជាប្រធានបក្ស LDP ត្រូវបានគ្រោងថា នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ ប៉ុន្តែបេក្ខជនទាំងពីរបានសម្រេចពន្យារពេលប៉ុន្មានថ្ងៃសិន ដោយសារតែគ្រោះរញ្ជួយដីដ៏អាក្រក់ បានវាយប្រហារកោះហុកកៃដូកាលពីម្សិលមិញ។
លោក Abe ដែលមានតួនាទីជាមេដឹកនាំប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០១២មកនោះ បានជាប់ឆ្នោតជាថ្មីម្តងទៀតក្នុងអាណត្តិទីពីរ កាលពីឆ្នាំ២០១៥ ដើម្បីកាន់តំណែងសម្រាប់រយៈពេល ០៣ឆ្នាំទៀត។ ចំណែកលោក Ishiba វ័យ ៦១ឆ្នាំ បានប្រកាសកាលពីថ្ងៃទី១០ ខែសីហាថា លោកនឹងចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានបក្ស LDP ព្រោះថាប្រសិនបើលោក Abe នៅតែបន្តឈរឈ្មោះដោយពុំមានគូប្រជែងទៀតនោះ វានឹងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជប៉ុន៕