(ប៉ាគីស្ថាន)៖ ឥណ្ឌាទំនងជាអាចនឹងស្រងាកចិត្ត ចំពោះការសិក្សាស្រាវជ្រាវថ្មីមួយ ដែលអះអាងថា ប្រទេសប៉ាគីស្ថានអាចនឹងក្លាយជាមហាអំណាចនុយក្លេអ៊ែរទី ៥ នៅលើពិភពលោក។ នេះបើតាមអង្គការសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
ការសិក្សាស្រាវជ្រាវថ្មីមួយ របស់អង្គការសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (Federation of American Scientists) ចេញផ្សាយនៅសប្ដាហ៍នេះបានឱ្យដឹងទៀតថា សមត្ថភាពនុយក្លេអ៊ែររបស់ប៉ាគីស្ថានបានក្លាយជាក្ដីកង្វល់សម្រាប់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ជាពិសេសគឺឥណ្ឌា ខណៈក្បាលគ្រាប់នុយក្លេអ៊ែរប៉ាគីស្ថាន អាចនឹងកើនឡើងពី ២២០គ្រាប់ ដល់ ២៥០គ្រាប់ នៅត្រឹមឆ្នាំ២០២៥។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ បើសិនជាការសិក្សាថ្មីនេះក្លាយជាការពិត នោះប៉ាគីស្ថាននឹងក្លាយជាមហាអំណាចនុយក្លេអ៊ែរលេខ ៥ នៅលើពិភពលោក ហើយវាក៏នឹងបង្កជាក្ដីព្រួយបារម្ភដល់ឥណ្ឌាផងដែរ ស្របពេលកំពុងមាន ជម្លោះដែនដីជាមួយប៉ាគីស្ថាននៅឯតំបន់កាស្មៀ។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ អង្គការសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកក៏ធ្លាប់បានព្យាករដែរថា ប៉ាគីស្ថានអាចនឹង មានក្បាលគ្រាប់នុយក្លេអ៊ែរពី ៦០គ្រាប់ ដល់ ៨០គ្រាប់ នៅត្រឹមឆ្នាំ២០២០ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ន គឺខុសឆ្ងាយពីអ្វីដែលត្រូវបានព្យាករណ៍នោះខ្លាំងណាស់៕