BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារប្រទេសអេក្វាឌ័រ!
07-09-2018 10:21
(អេក្វាឌ័រ)៖ គ្រោះរញ្ជួយដីដ៏កក្រើកកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសអេក្វាឌ័រ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្តីរាយការណ៍ពីការបំផ្លិចបំផ្លាញ និងមនុស្សរងគ្រោះ ដោយសារហេតុការណ៍នេះនៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា រញ្ជួយដីខាងលើបានវាយប្រហារនៅចម្ងាយ ៩៤គីឡូម៉ែត្រ នៃភាគខាងត្បូងទីក្រុង អាំបាតូ (Ambato) នៅជម្រៅដល់ទៅ ១១២គីឡូម៉ែត្រឯណោះ។ ដោយឡែក ហេតុការណ៍ដ៏កក្រើកនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលរហូតដល់រដ្ឋធានីគ្វីតូ (Quito) និងក្រុងហ្គាយ៉ាឃ្វីល (Guayaquil) ថែមទៀតផង។
គួររំលឹកថា កាលពីឆ្នាំ២០១៦ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ បានវាយប្រហារឆ្នេរប៉ាស៊ីហ្វិក នៃប្រជាជាតិអាមេរិកខាងត្បូងមួយនេះ ដែលបានផ្តាច់ជីវិតមនុស្សជាង ៦៥០នាក់៕