(ប៉េកាំង)៖ ការធ្វើនាវាចរណ៍របស់នាវាចម្បាំងអង់គ្លេស នៅក្បែរតំបន់ទីប្រជុំកោះក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាកម្មសិទ្ធិរបស់ចិន អាចនឹងបំផ្លាញដល់រាល់កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងអង់គ្លេស បន្ទាប់ពីទីក្រុងឡុងដ៍ចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាម China Daily ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់សារព័ត៌មានរដ្ឋចិន China Daily ធ្វើឡើងក្រោយទីក្រុងឡុងដ៍ និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាកាលពីខែសីហាកន្លងទៅថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឈានដល់ការឯកភាពគ្នា ក្នុងការបើកកិច្ចចរចាស្ដីពីពាណិជ្ជកម្មសេរីមួយ នៅក្រោយអង់គ្លេសលែងលះដាច់ស្រេច ជាមួយសហភាពអឺរ៉ុប (Brexit)។
China Daily បានគូសញ្ជាក់ដូច្នេះថា «ចិន និងអង់គ្លេសបានឯកភាពថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ច ចរចាលើកិច្ចព្រមព្រៀងពាណិជកម្មសេរីបន្ទាប់ពី Brexit... ក៏ប៉ុន្តែ ការធ្វើនាវាចររបស់នាវាចម្បាំងអង់គ្លេសនាពេលថ្មីនេះ នៅក្បែរតំបន់ទីប្រជុំកោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាកម្មសិទ្ធិរបស់ចិនអាចនឹងបំផ្លាញដល់ រាល់កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។
គួរជម្រាបថា នាវាចម្បាំងអង់គ្លេស HMS Albion ដែលមានទម្ងន់ ២២,០០០តោន ត្រូវបានគេរាយការណ៍ថា បានធ្វើការចល័តនៅក្បែរតំបន់ទីប្រជុំកោះ ផារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីខែសីហាកន្លងទៅ ដោយបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំងហើយចាត់ទុកថា វាគឺជាសកម្មភាពបង្ករឿង៕