(សិង្ហបុរី)៖ ក្រុមហ៊ុន Facebook បានប្រាប់ឲ្យដឹងថា ខ្លួននឹងវិនិយោគប្រាក់ជាង១ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្ន័យមួយ នៅក្នុងប្រទេសសិង្ហបុរី ដោយនេះគឺជាលើកដំបូង នៅក្នុងតំបន់អាស៊ី ដែលមជ្ឈមណ្ឌលនេះ ត្រូវបានផ្តល់ថាមពល ដោយថាមពលកកើតឡើងវិញ និងសមស្របទៅនឹង បរិយាកាសត្រូពិចរបស់សិង្ហបុរី, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែកញ្ញានេះ។
មជ្ឈមណ្ឌលនេះត្រូវបានគេរំពឹងថា នឹងប្រតិបត្តិការ នៅអំឡុងឆ្នាំ២០២០ខាងមុខ ហើយនឹងក្លាយជា មជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំរបស់ក្រុមហ៊ុន Facebook និងជាទីតាំងប្រតិបត្តិការកណ្តាលរបស់ខ្លួន, នេះបើតាមការបញ្ជាក់ពីលោក Thomas Furlong អនុប្រធានក្រុមហ៊ុន Facebook ទទួលបន្ទុកមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធទិន្ន័យ បានឲ្យដឹងយ៉ាងដូច្នេះ។
អគារមជ្ឈមណ្ឌល ដែលនឹងមានកម្ពស់១១ជាន់នេះ ត្រូវបានគេរំពឹងថា នឹងប្រតិបត្តិការ១០០ភាគរយ ដូចទៅនឹងមជ្ឈមណ្ឌលផ្ទុកទិន្ន័យដទៃទៀតផងដែរ។ មជ្ឈមណ្ឌល ដែលមានតម្លៃ១.០២ពាន់លានដុល្លារអាមេរិកនេះ នឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទិន្ន័យលើកដំបូង ដែលត្រូវបានរចនា និងសាងសង់ឡើងដោយ ក្រុមហ៊ុន Facebook នៅក្នុងទ្វីបអាស៊ី ហើយនឹងក្លាយជា មជ្ឈមណ្ឌលផ្ទុកទិន្នន័យទី១៥ របស់ក្រុមហ៊ុន Facebook នៅទូទាំងពិភពលោក។
បើតាមលោក Thomas Furlong បានប្រាប់ឲ្យដឹងថា ប្រព័ន្ធទំនាក់ទំនង Facebook មានអ្នកប្រើប្រាស់សកម្ម ចំនួន២.២៣ពាន់លាននាក់ ជាប្រចាំខែ គិតត្រឹមចុងខែមិថុនាកន្លងទៅ ហើយមូលហេតុដែលក្រុមហ៊ុន ជ្រើសរើសសិង្ហបុរី ដើម្បីសាងសង់មជ្ឈមណ្ឌលនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធសិង្ហបុរី មានភាពរឹងមាំ, មានកម្លាំងពលកម្មដែលមានជំនាញ និងងាយស្រួលក្នុងការអាជីវកម្មជាមួយនឹងរដ្ឋាភិបាល៕