News Update: មនុស្សស្លាប់០៩នាក់ និង៣០០នាក់របួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់អង្រួនកោះហុកកៃដូ នៅជប៉ុន
06-09-2018 21:10
(តូក្យូ)៖ មនុស្ស០៩នាក់ ត្រូវអាជ្ញាធរបញ្ជាក់ថា បានបាត់បង់ជីវិត និង៣០០នាក់បានរងរបួស ក្រោយពីគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារមកលើកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរជប៉ុន មនុស្សប្រហែលខ្ទង់៣០នាក់ នៅតែបន្តបាត់ខ្លួន និងជិត២,០០០នាក់ កំពុងជ្រកកោណនៅតាមទីតាំងជម្លៀសខ្លួនបណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង៤០០កន្លែង។ ជាមួយគ្នានេះដែរ ចំនួនមនុស្សស្លាប់ ត្រូវអាជ្ញាធរអះអាងថានឹងអាចមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅឋានជាច្រើនខ្នង បានកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយរញ្ជួយដី។ ក្រៅពីជើងហោះហើរ ផ្លូវធ្វើដំណើរ និងបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ក៏បានទទួលរងផលប៉ះពាល់ផងដែរ។
គួរជម្រាបថា ហេតុការណ៍រញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ បានកើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានផ្ដាច់ជីវិតមនុស្ស១១នាក់ និង៦០០នាក់ផ្សេងទៀតរងរបួស នៅក្នុងសប្ដាហ៍នេះ៕