(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការអរគុណចំពោះប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានបង្ហាញការបន្តជឿទុកចិត្តមកលើខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ការអរគុណរបស់លោក ត្រាំ ត្រូវបានធ្វើឡើងតាមការបង្ហោះសារនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីក្នុងថ្ងៃដដែលនេះ បេសកជនពិសេសកូរ៉េខាងត្បូង លោក Chung Eui-yong ដែលបានដឹកនាំប្រតិភូចូលជួបពិភាក្សាជាមួយលោក គិម ជុងអ៊ុន នៅព្យុងយ៉ាង កាលពីថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា លោក គីម បានបង្ហាញពីទំនុកចិត្តឥតងាករេមកលើលោកប្រធានាធិបតីអាមេរិក និងមានបំណងចង់សម្រេចដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េឲ្យបានទាំងស្រុង នៅមុនលោក ត្រាំ ផុតអាណត្តិថែមទៀតផង។
គួរជម្រាបថា ភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង បានថយចុះទៅវិញ នៅក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងលោក ត្រាំ និងលោក គីម កាលពីខែមិថុនាកន្លងទៅ នៅសិង្ហបុរី ដោយនៅអំឡុងកិច្ចពិភាក្សាគ្នានោះ កូរ៉េខាងជើង បានបង្ហាញការប្តេជ្ញាចិត្តដើម្បីបោះបង់ចោលកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ខណៈសហរដ្ឋអាមេរិក បានសន្យាថានឹងផ្តល់ការធានាសន្តិសុខដល់ទីក្រុងព្យុងយ៉ាង៕