(ក្រិក)៖ ប្រធានសេនាធិការយោធាអាមេរិកលោក ចូសិប ឌុនហ្វដ (Joseph Dunford) បានឱ្យដឹងថា អាជ្ញាធរក្រិកកំពុងពិចារណា ក្នុងការអនុញ្ញាតឱ្យយោធាអាមេរិក បង្កើតមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេស ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងមានភាពតានតឹងផ្នែកការទូតជាមួយនឹងតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
លោក Joseph Dunford បានគូសបញ្ជាក់នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «អាជ្ញាធរក្រិក កំពុងពិចារណាក្នុងការអនុញាតឱ្យបង្កើនមូលដ្ឋានយោធា ក៏ដូចជាការធ្វើសមយុទ្ធយោធា ឬការបណ្ដុះបណ្ដាលនានា សម្រាប់កងទ័ពរបស់ យើងដែលកំពុងឈរជើងនៅអឺរ៉ុប ជាពិសេសគឺសម្រាប់កងទ័ពអាមេរិក ធ្វើការបណ្ដុះបណ្ដាលជាមួយឧទ្ធម្ភាគចក្រ»។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញមួយចំនួនយល់ថា សហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសក្រិក គឺដើម្បីបង្កើនការធ្វើសមយុទ្ធយោធា និងការស៊ើបការណ៍សំងាត់របស់ខ្លួន នៅក្នុងប្រទេសមួយចំនួនដូចជា លីប៊ី ស៊ីរី និងតួកគីជាដើម។
គួរជម្រាបថា បើតាមលោក Joseph Dunford មានមូលដ្ឋានយោធាជាច្រើននៅក្នុងប្រទេសក្រិក ក្នុងនោះមានដូចជាតំបន់ សួដាបេយ (Souda Bay) និងមូលដ្ឋានទ័ពអាកាសក្រិក ឡារីសសា (Larissa) ជាដើម៕