(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាក់ថា រូបលោកនៅតែបន្តគោរពតាមការប្តេជ្ញារបស់លោក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានដឹកនាំប្រតិភូពិសេស ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីម្សិលមិញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក គីម ជុងអ៊ុន បានបញ្ជាក់ពីជំហរប្តេជ្ញាដ៏រឹងមាំរបស់លោក ចំពោះការបន្តលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ហើយលោក គីម ក៏បានបង្ហាញឆន្ទៈក្នុងការសហការឲ្យបានជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក៏ដូចជាអាមេរិក ដើម្បីដំណើរការនេះផងដែរ។
គួរជម្រាបថា លោក Chung និងមន្រ្តីកូរ៉េខាងត្បូង ០៤រូបផ្សេងទៀត បានជួបសំណេះសំណាលជាមួយលោក គីម ជុងអ៊ុន នៅអំឡុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្យុងយ៉ាង ក្នុងនាមជាក្រុមអ្នកតំណាងពិសេសរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានពាំនាំយកសំបុត្រមួយច្បាប់របស់លោក មូន ប្រគល់ជូនលោក គីម។ បើតាមលោក Chung មេដឹកនាំកូរ៉េទាំងពីរ បានព្រមព្រៀងបើកកិច្ចប្រជុំកំពូលលើកទីប នៅទីក្រុងព្យុងយ៉ាងពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា៕