(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងធ្វើដំណើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង សម្រាប់រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការបញ្ជាក់ពីបេសកជនពិសេសរបស់លោក មូន ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីបានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីព្យុងយ៉ាង កាលពីម្សិលមិញ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងបើកកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅទីក្រុងព្យុងយ៉ាង នាចន្លោះថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញានេះ ហើយនឹងរៀបចំកិច្ចចរចាកម្រិតខ្ពស់មួយ នៅដើមសប្តាហ៍ក្រោយ ដើម្បីត្រៀមសម្រាប់ជំនួបកំពូលនេះ។
គួរជម្រាបថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងក្លាយជាកិច្ចប្រជុំកំពូលលើកទីបី រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នៅក្រោយជំនួបកាលពីថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២៦ ខែឧសភា ដែលបានប្រព្រឹត្តទៅនៅភូមិព្រំដែនអន្តរកូរ៉េ Panmunjom៕