(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាជាមួយ ក្រុមប្រតិភូពិសេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ជាមួយការប្រគល់សំបុត្រផ្ទាល់ខ្លួនមួយរបស់លោក មូន ជែអ៊ីន ដល់ដៃលោកគីម ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់បានគូសបញ្ជាក់ដូច្នេះថា៖«ក្រុមប្រតិភូ ពិសេស បានជួបពិភាក្សាការងារជាមួយលោកប្រធានគីម ជុងអ៊ុន ដើម្បីប្រគល់សំបុត្រផ្ទាល់ខ្លួនពីលោកប្រធានាធិបតី មូន ជែអ៊ីន និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក»។ ប៉ុន្តែទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរថាលទ្ធផលនៃជំនួបនេះនឹងត្រូវ ប្រកាសនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខរបស់លោក មូន គឺលោក Chung Eui-yong បានដឹកនាំក្រុមប្រតិភូពិសេសកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះក្នុងគោលបំណង បញ្ជាក់ពីកាលបរិច្ឆេកនិងរបៀបវារៈសម្រាប់ជំនួបរវាងលោក គីម និងលោក មូន ដែលគ្រោងនឹងធ្វើឡើងនៅមុនដំណាច់ ខែកញ្ញានេះ៕