Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត! អង់គ្លេសកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ីពីរនាក់ ជាជនសង្ស័យបំពុលសម្លាប់លោក Skripal (video inside)

05-09-2018 23:59

(អង់គ្លេស)៖ អាជ្ញាធរអង់គ្លេស នៅថ្ងៃពុធនេះ បានកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ីពីរនាក់ ថាជាជនសង្ស័យនៅពីក្រោយការប៉ុន ប៉ងប្រើប្រាស់អាវុធគីមីសម្លាប់អតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី លោក Sergei Skripal កូនស្រីរបស់លោក ឈ្មោះ Yulia នៅលើទឹកដីអង់គ្លេស កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរអង់គ្លេស ជនសង្ស័យទាំងពីរនាក់ខាងលើ ម្នាក់មានឈ្មោះ Alexander Petrov និងម្នាក់ទៀតមានឈ្មោះ Ruslan Boshirov ហើយអ្នកទាំងពីរមានអាយុប្រហែលជា៤០ឆ្នាំ។ ប៉ុន្តែព្រមពេលជាមួយគ្នា អាជ្ញាធរអង់គ្លេសមិនបានស្នើទៅកាន់ រុស្ស៊ីឱ្យធ្វើបត្យាប័នបុរសទាំងពីរនេះទេ ខណៈទីក្រុងម៉ូស្គូមិនបានចុះកិច្ចព្រមព្រៀងស្ដីពីការធ្វើបត្យាប័នជាមួយទីក្រុងឡុងដ៍ឡើយ។
ម្យ៉ាងវិញទៀត ក្រសួងការបរទេសរុស្ស៊ី ក៏បានចេញមុខបដិសេធភ្លាមៗផងដែរថា ការបញ្ចេញរូបថត និងអត្តសញ្ញាណជនសង្ស័យ ទាំងពីរនេះ មិនមានជាប់ពាក់ព័ន្ធអ្វីនឹងរុស្ស៊ីនោះទេ។ តែយ៉ាងណាក៏ដោយ បើសិនជាអ្នកទាំងពីរធ្វើដំណើរទៅកាន់បណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប នោះពួកគេអាចនឹងត្រូវចាប់ខ្លួន។

គួររំលឹកថា អតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី លោក Sergei Skripal កូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេប៉ុនប៉ង សម្លាប់មិនបានសម្រេច ដោយប្រើប្រាស់អាវុធគីមីពុល Novichok នៅឯទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពីខែមីនាកន្លង ទៅ។ ចំណែកឯ អង់គ្លេស សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច សុទ្ធតែចោទប្រកាន់ថារុស្ស៊ី គឺជាអ្នកនៅពីក្រោយ
ការវាយប្រហារនេះ៕