(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សយ៉ាងតិច ១១នាក់បានបាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស ដោយសារតែការវាយប្រហាររបស់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានមកដល់ភាគខាងលិចប្រទេសជប៉ុនកាលពីម្សិលមិញ៕
២៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ហ្វាស (Fars) បានរាយការណ៍ថា យោធាអ៊ីស្រាអែលកំពុងរៀបចំផែនការ បង្កើនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងស៊ីរី ជាពិសេសគឺមូលដ្ឋានរបស់កងជីវពលអ៊ីរ៉ង់ ដែលកំពុងតស៊ូប្រយុទ្ធគាំទ្រដល់រដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ នៅអនាគតដ៏ខ្លីខាងមុខនេះ៕
៣៖ ការធ្វើរស្មីសំយោគដែលរុក្ខជាតិ និងសារពាង្គកាយដទៃទៀតប្រើប្រាស់ ដើម្បីបំលែងពន្លឺព្រះអាទិត្យទៅជាថាមពល ហើយផលិតចេញជាឧស្ម័នអុកស៊ីសែន ដែលចាំបាច់សម្រាប់មនុស្ស និងសត្វនៅលើផែនដីនោះត្រូវបានកែច្នៃដោយអ្នកវិទ្យាសាស្រ្តឲ្យទៅជាវិធីសាស្រ្តថ្មីមួយ ដើម្បីទាញយកផលពីថាមពលពន្លឺព្រះអាទិត្យ៕
៤៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដោយយន្ដហោះចម្បាំងរុស្ស៊ីនៅខេត្ត អ៊ីដលីប (Idlib) នៅក្នុងបរិបទដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងត្រៀមវាយលុកលើមូលដ្ឋានរឹងមាំ ចុងក្រោយមួយនេះរបស់ក្រុមឧទ្ទាមស៊ីរី៕
៥៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជែឡា មឺគែល (Angela Merkel) បានលើកឡើងថា កិច្ចចរចាស្តីពីដំណើរការដកខ្លួនរបស់ចក្រភពអង់គ្លេស ចេញពីសហភាពអឺរ៉ុប (EU) ឬ Brexit អាចនឹងត្រូវជាប់គាំង៕
៦៖ គម្រោងសាងសង់ទីក្រុងដែនកោះ ដែលមានតម្លៃ ១០០ពាន់លានដុល្លារ របស់ម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ខណៈរដ្ឋាភិបាលថ្មីកំពុងត្រួតពិនិត្យលើរាល់គំរោង ដែលមានពាក់ព័ន្ធនឹងចិនក្រោម រដ្ឋាភិបាលនៃអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់៕