(ឌូបៃ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត់អារ៉ាប់រួម Ethitha Airways បានបកក្បាលវិលមកក្រោយវិញ បន្ទាប់ពីទើបបានហោះហើរចេញពីព្រលានយន្តហោះ ដោយសារតែជួបបញ្ហាផ្នែកម៉ាស៊ីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
យន្តហោះខាងលើជាប្រភេទ A330 Airbus ដែលបានធ្វើដំណើរចេញពីព្រលានយន្តហោះក្នុងទីក្រុង អាប៊ូដាប៊ី (Abu Dhabi) ឆ្ពោះទៅកាន់ទីក្រុងហ្សាការតារបស់ឥណ្ឌូណេស៊ី ត្រូវបានយកទៅត្រួតពិនិត្យឡើងវិញ ក្រោយពីបានត្រឡប់មកចុះចតនៅគោលដៅដើមវិញ។ បើតាមសាក្សីការអះអាងពីអ្នកដំណើរម្នាក់នៅលើយន្តហោះ ម៉ាស៊ីនផ្នែកខាងស្តាំរបស់វាបានផ្ទុះ ក្រោយពីបានហោះឡើងចេញពីព្រលានយន្តហោះតែប៉ុន្មាននាទីប៉ុណ្ណោះ។
គួរជម្រាបថា បើតាមអ្នកតំណាងរបស់អាកាសចរណ៍ Ethitha យន្តហោះដឹកអ្នកដំណើរខាងលើ ពិតជាបានជួបបញ្ហានៅផ្នែកម៉ាស៊ីនមួយចំហៀងរបស់វាប្រាកដមែន ពុំមាននរណាម្នាក់នៅលើយន្តហោះ រងគ្រោះថ្នាក់នោះឡើយ ដោយសារយន្តហោះបានធ្វើការចុះចតមកវិញដោយសុវត្ថិភាព៕