(តូក្យូ)៖ មនុស្សយ៉ាងតិច ១១នាក់បានបាត់បង់ជីវិត និងជាង ៦០០នាក់បានរងរបួស ដោយសារតែការវាយប្រហាររបស់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែលបានមកដល់ភាគខាងលិចប្រទេសជប៉ុនកាលពីម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងចំណោមតំបន់ភាគខាងលិចជប៉ុន ខេត្តអូសាកា (Osaka) បានទទួលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារគ្រោះមហន្តរាយធម្មជាតិនេះ ខណៈមនុស្ស ០៨នាក់ក្នុងចំណោម ១១នាក់បានបង់អាយុជីវិតនៅទីនោះ។ ជាមួយគ្នានេះដែរមនុស្សសរុបចំនួន ៦១០នាក់ បានទទួលរងរបួសនៅតាមខេត្តចំនួន ២៨ ក្នុងចំណោមខេត្តទាំង ៤៧ នៃប្រទេសជប៉ុន។
គួរជម្រាបថា លំនៅឋានជាង ៩៨០ខ្នង បានរងការខូចខាត ខណៈប្រជាជនជប៉ុនជាង ១.២លាននាក់ នៅខេត្ត ជីហ្វ៊ូ (Gifu), អូសាកា (Osaka), មីអេ (Mie), និង អៃជិ (Aichi) នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារការវាយលុករបស់ព្យុះ Jebi។ គិតត្រឹមល្ងាចថ្ងៃពុធនេះ ព្យុះទីហ្វុង Jebi ដែលត្រូវគេចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលបានវាយប្រហារប្រទេសជប៉ុន គិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ហាក់បានថយចុះឥទ្ធិពលបន្តិចហើយ និងកំពុងបន្តបោកបក់ឆ្ពោះទៅកាន់ភាគពាយ័ព្យ៕