(ឡុងដ៍)៖ ការធ្វើរស្មីសំយោគដែលរុក្ខជាតិ និងសារពាង្គកាយដទៃទៀតប្រើប្រាស់ ដើម្បីបំលែងពន្លឺព្រះអាទិត្យទៅជាថាមពល ហើយផលិតចេញជាឧស្ម័នអុកស៊ីសែន ដែលចាំបាច់សម្រាប់មនុស្ស និងសត្វនៅលើផែនដីនោះត្រូវបានកែច្នៃដោយអ្នកវិទ្យាសាស្រ្តឲ្យទៅជាវិធីសាស្រ្តថ្មីមួយ ដើម្បីទាញយកផលពីថាមពលពន្លឺព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ការសិក្សាថ្មីមួយបានឲ្យដឹងថា ការធ្វើរស្មីសំយោគតាមបែបធម្មជាតិ គឺពុំសូវមានប្រសិទ្ធភាពនោះឡើយ ដោយសារវាបង្កើតថាមពលក្នុងកម្រិតតិចតួច សម្រាប់តែតម្រូវការរបស់រុក្ខជាតិប៉ុណ្ណោះ គឺប្រហែលមួយទៅពីរភាគរយនៃ អ្វីដែលអាចមានសក្តានុពលត្រូវបំលែង និងស្តុកទុកបាន។
ផ្ទុយមកវិញការធ្វើរស្មីសំយោគតាមបែបសិប្បនិម្មិត ដែលមានវត្តមានជាច្រើនទសវត្សរ៍មកហើយនោះ ពឹងផ្អែងទៅលើការប្រើប្រាស់កាតាលីករដែលថ្លៃ និងគ្រោះថ្នាក់ ដូច្នេះហើយវិធីសាស្រ្តនេះមិនទាន់ ត្រូវបានប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យឧស្សាហកម្មនៅឡើយទេ។
ដោយឡែកសម្រាប់ការសិក្សាស្រាវជ្រាវខាងលើវិញ គឺក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើឡើងតាមបែប Semi-Artificial (សិប្បនិម្មិតពាក់កណ្តាល) ដែលប្រើប្រាស់សារធាតុ Enzyme ជំនួសកាតាលីករ ដើម្បីផ្លោះរំលងដែនកំណត់ នៃរស្មីសំយោគបែបសិប្បនិម្មិត ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលអាចបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាសូឡា៕