(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បានច្រានចោលការចោទប្រកាន់ថា លោកបានប្រមាថលោក ដូណាល់ ត្រាំ ដោយហៅប្រធានាធិបតីអាមេរិករូបនេះ គឺជាធ្វើចរិតដូចក្មេងរៀនថ្នាក់ទី ៥ ឬថ្នាក់ទី ៦។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ប្រតិកម្មរបស់លោក ម៉ាត់ទីស កើតមានឡើងបន្ទាប់ពីអ្នកសារព័ត៌មាន Washington Post លោក ប៉ុប វូដវ៉ដ (Bob Woodward) បានសរសេរនៅក្នុងសៀវភៅមួយរបស់លោកមានចំណងជើងថា «Fear: Trump in the White House» ថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាត់ទីស៍ បានប្រាប់ថាក្រុមការងាររបស់លោកថាលោក ត្រាំ ធ្វើចរិតដូចក្មេងរៀនថ្នាក់ទី ៥ សម្រាប់ការបង្គាប់ឱ្យមន្ទីរបញ្ចកោណសម្លាប់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ។
ក៏ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ម៉ាត់ទីស៍ បានអះអាងថា អ្វីដែលលើកឡើងនៅក្នុងសៀវភៅរបស់លោក Woodward គឺជារឿងប្រឌិត និងជាគំនិតស្រមើស្រមៃតែប៉ុណ្ណោះ។ លោក ម៉ាត់ទីស បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ខ្ញុំមិនដែលប្រើពាក្យប្រមាថលើអគ្គមេបញ្ជាការកងទ័ពអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ ម្ដងណាឡើយ... ហើយការចោទប្រកាន់មកលើរូបខ្ញុំ គឺគ្រាន់តែជាគំនិតស្រមើស្រមៃរបស់មនុស្សម្នាក់តែប៉ុណ្ណោះ»។
គួរជម្រាបថា សៀវភៅ Fear: Trump in the White House របស់លោកដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃ ទី១១ ខែកញ្ញានេះបានសរសេរថា លោក ដូណាល់ ត្រាំ ធ្លាប់បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណសម្លាប់លោក អាសាដ កាលពីឆ្នាំ២០១៧ ពោលគឺ គ្រោយមានការវាយប្រហារដោយអាវុធគីមី ប្រឆាំងនឹងជនស៊ីវិលនៅក្នុងទីក្រុង ខាន់សៃឃុន (Khan Shaykhun) ប៉ុន្តែ លោក ម៉ាត់ទីស បានបដិសេធនឹងសំណើនេះ៕