(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណ ធ្វើឃាតប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ កាលពីឆ្នាំ២០១៧ កន្លងទៅ។ ក៏ប៉ុន្តែសំណើនេះត្រូវបានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បដិសេធ។ នេះបើតាមសៀវភៅមួយដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
សៀវភៅខាងលើមានចំណងជើងថា «Fear: Trump in the White House» ឬ «ភាពភ័យខ្លាច៖ ត្រាំ នៅក្នុងសេតវិមាន» ត្រូវបាននិពន្ធឡើងដោយអ្នកសារព័ត៌មានអាមេរិកដ៏ល្បីល្បាញម្នាក់គឺ លោក បុប វូដវ៉ដ (Bob Woodward) និងត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Washington Post កាលពីថ្ងៃអង្គារ ហើយគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។
នៅក្នុងសៀវភៅនេះដដែល ក៏បានឱ្យដឹងដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់លោក James Mattis ថាលោកចង់ឱ្យលោក អាសាដ ស្លាប់បន្ទាប់ពីប្រធានាធិបតីស៊ីរីរូបនេះប្រើប្រាស់អាវុធគីមី ប្រឆាំងនឹងជនស៊ីវិលកាលពីខែមេសា ឆ្នាំ២០១៧។ ប៉ុន្តែលោក Mattis បានបដិសេធជាមួយការកាត់បន្ថយការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ក៏បានប្រាប់ក្រុមមន្ត្រីរបស់លោកថា លោក ត្រាំ កំពុងធ្វើសកម្មភាពដូចជាក្មេងរៀនថ្នាក់ទី ៥ ឬទី ៦ ទៀតផង។
តែទោះជាយ៉ាងនេះក្ដី នៅក្នុងសេចក្ដីការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mattis បានច្រានចោលអ្វីដែលលើកឡើងនៅក្នុងសៀវភៅនេះ ហើយថាលោកមិនដែលនិយាយពាក្យទាំងនេះនោះទេ ខណៈអ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានចាត់ទុកថា សៀវភៅនេះត្រូវបានគេប្រឌិតឡើងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក Bob Woodward គឺជាអ្នកសារព័ត៌មានស៊ើបអង្កេតដ៏ល្បីល្បាញមួយរូប ហើយលោកនេះឯងជាអ្នករាយការណ៍ ពីរឿងអាស្រូវដ៏ធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកគឺ Watergate នៅអំឡុងឆ្នាំ១៩៧០៕