(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដោយយន្ដហោះចម្បាំងរុស្ស៊ីនៅខេត្ត អ៊ីដលីប (Idlib) នៅក្នុងបរិបទដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងត្រៀមវាយលុកលើមូលដ្ឋានរឹងមាំ ចុងក្រោយមួយនេះរបស់ក្រុមឧទ្ទាមស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី មានគោលដៅលើទីតាំងចំនួន ២៤កន្លែង របស់ក្រុមឧទ្ទាមស៊ីរីនៅក្នុងខេត្ត Idlib ហើយការវាយប្រហារនៅថ្ងៃអង្គារសប្ដាហ៍នេះទៀតសោត កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រុមឧទ្ទាមស៊ីរី បើកការវាយប្រហារលើមូលដ្ឋានរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯខេត្ត ឡាតាគា (Latakia) ដោយផ្ដាច់ជីវិតអ្នកប្រយុទ្ធគាំទ្រលោក អាសាដ ចំនួន០៣នាក់។
គួរបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់ខាងលើ ក៏មានកុមារ ០៥នាក់ ដែលជាសមាជិកគ្រួសារតែមួយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី និង១០នាក់ទៀតបានរងរបួស៕