(តូក្យូ)៖ អាជ្ញាធរជប៉ុននៅថ្ងៃពុធនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ ចេប៊ី (Jebi) បាន វាយប្រហារតំបន់ភាគខាងលិចនៃប្រទេសកាលពីថ្ងៃអង្គារ បានកើនដល់០៩នាក់ហើយ ខណៈអ្នកដំណើរជាង ៣,០០០នាក់ ដែលជាប់គាំងនៅឯអាកាសយានដ្ឋានមួយកន្លែង ត្រូវបានជម្លៀសចេញតាមទូកជាច្រើនគ្រឿង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរជប៉ុនបានបញ្ជាក់ទៀតថា ព្យុះទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង ៧០០ ត្រូវបានលុបចោល។ អាជ្ញាធរបានជម្លៀសភ្ញៀវទេសចរជាង ៣,០០០នាក់ តាមទូកជាច្រើនគ្រឿង ចេញពីអាកាសយានដ្ឋាន កាន់សៃ (Kansai) ទៅកាន់តំបន់មួយស្ថិតនៅក្បែរអាកាសយានដ្ឋាន កូបេ (Kobe) នៅព្រឹកថ្ងៃពុធនេះ ហើយអាកាសយានដ្ឋាន Kansai អាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរៀបចំឲ្យបើកដំណើរការឡើងវិញ។
គួរជម្រាបថា ព្យុះទីហ្វុង Jebi ដែលមានកម្លាំងខ្យល់បក់ ២០៨គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារជាច្រើនខ្នង ហើយវាគឺជាព្យុះដ៏មានឥទ្ធិពលបំផុត ដែលវាយប្រហារលើប្រទេសជប៉ុនក្នុងរយៈពេល ២៥ឆ្នាំមកនេះ និងបណ្ដាលឱ្យប្រជាជន ១.៤៥លាននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងអូសាកា និងតំបន់ស្ថិតនៅជុំវិញគិតត្រឹមម៉ោង ៧៖៣០នាទីព្រឹកថ្ងៃពុធនេះ៕