Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះទីហ្វុង Jebi វាយប្រហារតំបន់ភាគខាងលិចប្រទេសជប៉ុន ផ្ដាច់ជីវិតមនុស្ស០៦នាក់ (video inside)

04-09-2018 20:36

(តូក្យូ)៖ អាជ្ញាធរជប៉ុន បានចេញសេចក្ដីប្រកាសស្ដីពីការជម្លៀសប្រជាជនច្រើនជាង០១លាននាក់ និងបានលុបជើងហោះហើរ ជាច្រើន ខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារនេះ ដោយ ផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់០៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរជប៉ុន ព្យុះទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និងរអិលបាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង ៧០០ ត្រូវបានលុបចោល ហើយសេវាកម្មផ្លូវដែកមួយចំនួន ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ លើសពីនេះទៅទៀត ព្យុះទីហ្វុងមួយនេះ ដែលមានកម្លាំងខ្យល់បក់ ២០៨ គីឡូម៉ែត្រក្នុងមួយម៉ោង ថែមទំាងបានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារ មួយចំនួនទៀតផង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរជប៉ុន ព្យុះទីហ្វុង Jebi គឺជាព្យុះដ៏មានឥទ្ធិពលបំផុតដែលវាយប្រហារលើប្រទេសជប៉ុន ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ហើយវាបានធ្វើឱ្យប្រជាជន១.៤៥លាននាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងអូសាកា និងតំបន់ស្ថិត នៅជុំវិញ៕