(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើសអវកាសយានិកពីររូបដំបូងរបស់ខ្លួន ក្នុងចំណោបេក្ខភាពជាង ៤,០០០នាក់ ដើម្បីបំពេញបេសកកម្មមួយ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS៕
២៖ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃអង្គារនេះ បានប្រកាសលុបចោលការលើកលែងទោស និងបញ្ជាឱ្យចាប់ ខ្លួនសមាជិកព្រឹទ្ធសភាប្រឆាំងម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីជាង ១៥ឆ្នាំមុន៕
៣៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅតែបន្តរិះគន់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ថាជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត។ ក៏ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថា ដោយសារតែកិច្ចព្រមព្រៀងនេះបានធ្វើឱ្យអ៊ីស្រាអែល និងពិភពអារ៉ាប់ខិតកាន់តែជិតគ្នា៕
៤៖ ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី (Mauricio Macri) បានប្រកាសថា រូបលោកកំពុងរៀបចំបិទក្រសួងចំនួនជាងពាក់កណ្តាលចោល ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយក្រៅពីនេះលោកក៏ បានបង្ខំចិត្តដាក់ចេញនូវចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញផងដែរ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល៕
៥៖ លោក ចាឡាលូដឌីន ហាកកានី (Jalaluddin Haqqani) ដែលជាបិតាស្ថាបនិកនៃបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani ដ៏មានឥទ្ធិពលនៅអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតហើយ ដោយសារតែការធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរ៕
៦៖ រូបភាពថ្មីពីកែវយឺតអវកាស Hubble បានបង្ហាញឲ្យឃើញពីលក្ខណៈលម្អិតនៃពន្លឺអ៊ូរ៉ូរ៉ា (Aurora) របស់ភពសៅរ៍ (Saturn) ដែលមានទំហំធំជាងឆ្ងាយធៀបនឹងពន្លឺចម្លែកនេះនៅលើផែនដី៕